
អតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley និងអតីតប្រធានាធិបតីលោក Donald Trump បានប្រើសម្ដីឌឺដងដាក់គ្នាយ៉ាងខ្លាំងក្លា នៅរដ្ឋ New Hampshire កាលពីថ្ងៃអាទិត្យ (ទី២១ ខែមករា) ក្នុងលើទីលានចុងក្រោយនៃការធ្វើយុទ្ធនាការ ដើម្បីទទួលបានការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ មុនពេលអ្នកបោះឆ្នោតទៅបោះឆ្នោត នៅថ្ងៃអង្គារ (ទី២៣ ខែមករា) នេះ បន្ទាប់ពីអភិបាលរដ្ឋ Florida លោក Ron DeSantis បានផ្អាកយុទ្ធនាការរបស់លោក សម្រាប់ការប្រកួតប្រជែងនេះ។
លោក Trump បាននិយាយទៅកាន់អ្នកគាំទ្រថា៖ «ប្រសិនបើអ្នកចង់ជួយសង្គ្រោះសហរដ្ឋអាមេរិក នោះថ្ងៃអង្គារទី២៣ ខែមករានេះ អ្នកត្រូវតែបោះឆ្នោតឲ្យបុរសម្នាក់ឈ្មោះ Trump តើអ្នកធ្លាប់ឮពីគាត់ទេ?» ចំណែកលោកស្រី Haley បានិយាយថា៖ «តើអ្នកចង់បានអ្វីដដែលៗ ឬតើអ្នកចង់ធ្វើដំណើរឆ្ពោះទៅមុខ?»
អ្នកឆ្លើយឆ្លងព័ត៌មានរបស់សរព័ត៌មាន Reuters លោក Nathan Layne ដែលរាយការណ៍ពីរដ្ឋ New Hampshire និយាយថា លទ្ធផលពីការបោះឆ្នោត នៅថ្ងៃអង្គារនោះ នឹងក្លាយជាលទ្ធផលដ៏មានសារៈសំខាន់ណាស់។
លោកស្រី Haley បានបង្កើនការវាយប្រហាររបស់លោកស្រីទៅលើបេក្ខជននាំមុខក្នុងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋដែលប្រឈមមុខនឹងករណីចោទប្រកាន់បទព្រហ្មទណ្ឌចំនួន៤។ ដោយទំនងជាសំដៅដល់រឿងក្ដីនោះ លោកស្រី Haley បាននិយាយថា៖ «ភាពវឹកវរកំពុងប្រដេញតាមលោក»។
ហើយលើសពីនោះទៀត លោកស្រីក៏បានផ្តោតលើវ័យរបស់លោក Trump ផងដែរ ដោយបានវាយប្រហាររឿងអាយុនេះ ចាប់ពីតាំងយប់ថ្ងៃសុក្រមកម៉្លេះ នៅពេលដែលបុរសវ័យ ៧៧ឆ្នាំ ហាក់ដូចជាច្រឡំលោកស្រីជាមួយអតីតប្រធានសភាតំណាងរាស្រ្តលោកស្រី Nancy Pelosi។
លោក Trump ក៏បានបង្កើនការវាយប្រហារដ៏ខ្លាំងក្លារបស់គាត់លើលោកស្រី Haley ផងដែរ ដោយបានកំណត់គោលដៅលើឈ្មោះដំបូងរបស់លោកស្រីនៅលើវេទិកាបណ្ដាញសង្គមរបស់លោក និងពង្រីកការបង្ហោះមិនពិតដែលចោទសួរពីសិទ្ធិជាពលរដ្ឋអាមេរិកពីកំណើតរបស់លោកស្រី ដោយបានបន្លឺឡើងវិញនូវការវាយប្រហារស្រដៀងគ្នាដែលលោកបាននិយាយទៅកាន់អតីតប្រធានាធិបតីលោក Barack Obama ជាងមួយទសវត្សរ៍មុន៕