ភ្នំពេញ ៖បណ្តាប្រទេសជាច្រើននៅទ្វីបអាហ្រ្វិកបានស្ងើច សរសើរជាខ្លាំង ចំពោះសមត្ថភាពភាពរបស់អង្គភាព ស៊ីម៉ាក់ដែលជោគជ័យលើការងារបោសសម្អាតមីនកន្លងមក ខសណៈអង្គភាពស៊ីម៉ាក់ជាស្ថាប័នជាតិមួយបានការកសាងភាពជាម្ចាស់ និងការចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងវិស័យសកម្មភាពមីនផងដែរ។
បណ្ដាប្រទេសនានាបានលើកឡើងបែបនេះ ក្នុងឱកាស ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។
គណៈប្រតិភូមកពីតំបន់អាហ្រិ្វកចំនួន ៥ ប្រទេសដែលមានថ្នាក់ដឹកនាំចំនួន៥ រូបរួមមាន អាជ្ញាធរជាតិសកម្មភាពមីន នៃប្រទេសស៊ូដង់ខាងត្បូង, អាជ្ញាធរគ្រប់គ្រងសំណល់ជាតិផ្ទុះ នៃប្រទេសសូម៉ាលី, ការិយា ល័យសកម្មភាពមីន នៃប្រទេសអេត្យូពី, មូនិធិអប់រំសិក្សាធិការនៃគណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាន នៃប្រទេសនីហ្សេរីយ៉ា និង គណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាន នៃប្រទេសនីហ្សេរីយ៉ា ដែលដឹកនាំដោយលោកស្រី Eric Komukai ទីប្រឹក្សាជាន់ខ្ពស់តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) ប្រចាំទីក្រុងតូក្យូ ដើម្បីចូលរួមសិក្ខាសាលារួមគ្នាមួយស្តីពី «ភាពជាម្ចាស់ដ៏រឹងមាំនៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន»រៀបចំឡើងដោយអង្គភាពស៊ីម៉ាក់សហការជាមួយ JICA។
ក្នុងជំនួបនេះឯកឧត្តម ហេង រតនា បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពការងារស្នូលរបស់អង្គភាព ស៊ីម៉ាក់រចនាសម្ព័ន្ធក្នុងភាពជាម្ចាស់ និងដៃគូក្នុងវិស័យសកម្មភាពមីន ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ជាពិសេសការបណ្តុះបណ្តាលលើវិស័យសកម្មភាពមីនជូនដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះក៏មានប្រទេសនៅតំបន់អាហ្វ្រិកផងដែរ។
ជាការឆ្លើបតបគណៈប្រតិភូអាជ្ញាធរជាតិនៃតំណាងប្រទេសនីមួយៗបានសម្តែងនូវភាពរីករាយ និងបានទទួលស្គាល់ ព្រមទាំងស្ងើចសរសើរ និងចាប់អារម្មណ៍ជាខ្លាំង ចំពោះសមត្ថភាពភាពខ្លាំង និងជោគជ័យរបស់អង្គភាពCMAC កន្លងមក ជាពិសេសការកសាងសមត្ថភាពរបស់អង្គភាពស៊ីម៉ាក់ក្នុងនាមជាស្ថាប័នជាតិ ការកសាងភាពជាម្ចាស់ និងការចែករំលែកបទពិសោធន៍ ជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងវិស័យសកម្មភាពមីនជាពិសេសប្រទេសដែលរងផលប៉ះពាល់ដោយសង្រ្គាមផងដែ។
សូមជម្រាថា អង្គភាពស៊ីម៉ាក់បានរួមសហការជាមួយ JICA បានរៀបចំសិក្ខាសាលាស្តីពី «ភាពជាម្ចាស់ដ៏រឹងមាំនៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន» ជូនដល់ថ្នាក់ដកឹនាំមកពីតំបន់អាហ្រិកដែលមាន៤ប្រទេសខាងលើចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕ អត្ថបទ ៖ ភារម្យ












