ភ្លៀងធ្លាក់ខ្លាំង ចាប់ផ្តើមកាលពីយប់ថ្ងៃសៅរ៍ បានធ្វើឱ្យការដឹកជញ្ជូន និងអាជីវកម្ម មិនដំណើរការនៅផ្នែកមួយចំនួននៃប្រទេសតង់ហ្សានី រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុង Dar es Salaam។ នៅទីក្រុង Dar es Salaam ការដឹកជញ្ជូនបានជាប់គាំង ខណៈផ្លូវធំ ដែលតភ្ជាប់ជាយក្រុងភាគខាងកើតទៅកាន់ទីក្រុងពាណិជ្ជកម្ម Dar es Salaam ត្រូវបានជន់លិចជាច្រើនម៉ោង។ នគរបាល បានបិទតំបន់ Jangwani បន្ទាប់ពីទន្លេ Msimbazi ត្រូវបានជន់លិចពេញហៀរ ដោយបញ្ឈប់ប្រតិបត្តិការក្រុមហ៊ុនដឹកជញ្ជូនរហ័សទីក្រុង Dar es Salaam ជាក្រុមហ៊ុនដឹកជញ្ជូនសាធារណៈ ឈានមុខគេ នៅមជ្ឈមណ្ឌលពាណិជ្ជនេះ។ ទឹកជំនន់ដ៏កំហុគ បានលិចលំនៅឋាននៅក្នុងផ្នែកមួយចំនួន នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម ខណៈលោក Albert Chalamila ស្នងការប្រចាំតំបន់ទីក្រុង Dar es Salaam បានជំរុញពលរដ្ឋនៅតាមជ្រលងភ្នំ និងតាមបណ្តោយច្រាំងទន្លេឱ្យភៀសខ្លួនចេញទៅកាន់ទីទួលខ្ពស់ ដើម្បីជៀសវាងផលវិបាកដ៏មហន្តរាយ។ អាជ្ញាធរឧតុនិយមប្រទេសតង់ហ្សានី បានប្រាប់សារព័ត៌មានស៊ីនហួតាមទូរស័ព្ទថា គ្មានអ្នកស្លាប់និងរងរបួស ត្រូវបានរាយការណ៍ទេកាលពីរសៀលថ្ងៃអាទិត្យ ហើយអាជ្ញាធរ នឹងបន្តតាមដាននិន្នាការអាកាសធាតុនៅក្នុងប្រទេស និងផ្តល់មតិនៅពេលចាំបាច់។ ប្រធានាធិបតី លោកស្រី Samia Suluhu Hassan កាលពីថ្ងៃអាទិត្យ បានបញ្ជាអាជ្ញាធរពាក់ព័ន្ធឱ្យត្រៀមខ្លួនដើម្បីជួសជុលការខូចខាត ដែលបណ្តាលមកពីភ្លៀងធ្លាក់ដែលនៅបន្តនៅក្នុងតំបន់ផ្សេងៗគ្នារបស់ប្រទេស។ លោកស្រី បាននិយាយថា ក្រសួងដែលទទួលខុសត្រូវសម្រាប់ទឹក ថាមពល និងការងារ គួរតែរៀបចំផ្តល់សេវាបន្ទាន់ នៅតំបន់ដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ ដោយជំរុញឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្តារឡើងវិញ ផ្លូវ និងស្ពាន ដែលខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស។