
អាកាសយានដ្ឋានបាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitterថា កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនអាកាសចរណ៍ បានលុបចោលជើងហោះហើរចំនួន ១១៤វ៉ុល ដែលចេញ-ចូលអាកាសយានដ្ឋានក្រុង Dublin របស់អៀរឡង់ ដោយសារព្យុះ Isha ។
ព្យុះ Isha បានបង្ខំឲ្យជើងហោះហើរ ២៧វ៉ុល ចុះចតពុំបានសម្រេចផងដែរគិតត្រឹមវេលាម៉ោង ១៩ ម៉ោងសកល ខណៈជើងហោះហើរ ៣៦វ៉ុលផ្សេងទៀត សម្រេចបង្វែរទិសចុះចតដៅទៅកាន់អាកាសយានដ្ឋានផ្សេងទៀត ។
រូបភាពវីដេអូឃ្លីប ឃើញយន្តហោះមិនអាចចុះចតបាននៅអាកាសយានដ្ឋាន Heathrow របស់ទីក្រុងឡុងដ្រ៍ ពេលដែលព្យុះ Isha បោកបក់លើចក្រភពអង់គ្លេសកាលពីរសៀលថ្ងៃអាទិត្យ ។
វីដេអូឃ្លីបនេះដែរ ឃើញយន្តហោះជាច្រើនគ្រឿងទៀត បោះបង់ការព្យាយាមចុះចតរបស់ពួកគេ រួមទាំងយន្តហោះក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស ដែលហោះឡើងម្តងទៀត ក្រោយមិនអាចចុះចតបាន ។
សេវាកម្មឧតុនិយមជាតិអៀរឡង់ Met Eireann បានចេញការព្រមានអាកាសធាតុកម្រិតពណ៌លឿងទុំកាលពីថ្ងៃអាទិត្យ សម្រាប់តំបន់ភាគច្រើនរបស់អៀរឡង់ រួមទាំងទីក្រុង Dublin ផងដែរ ។
ដោយឡែក តំបន់ភាគខាងលិច និងភាគពាយ័ព្យអៀរឡង់ ស្ថិតក្រោមការប្រកាសអាសន្នធ្ងន់ធ្ងរកម្រិតពណ៌ក្រហម ៕