
តម្លៃប្រេងបានជួបនឹងការលំបាកក្នុងការរក្សាឲ្យមានស្ថិរភាព នៅថ្ងៃចន្ទ (ទី២២ ខែមករា) ខណៈដែលបញ្ហាសេដ្ឋកិច្ចបានដាក់សម្ពាធលើទស្សនវិស័យតម្រូវការប្រេងពិភពលោក និងប៉ះប៉ូវចំពោះកង្វល់ភូមិសាស្ត្រនយោបាយ នៅតំបន់មជ្ឈិមបូព៌ា និងការវាយប្រហារលើស្ថានីយនាំចេញប្រេងរបស់រុស្ស៊ី កាលពីចុងសប្តាហ៍កន្លងមក។
ប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ៩សេន ឬ ០,១ភាគរយ ពោលគឺមកនៅតម្លៃ ៧៨,៤៧ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ៣:៥៣នាទី ម៉ោងសកល បន្ទាប់ពីបានធ្លាក់ចុះ ៥៤សេន កាលពីថ្ងៃសុក្រ (ទី១៩ ខែមករា)។ ហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកុម្ភៈបានឡើង ១១សេន ដោយឡើងដល់ ៧៣,៥២ដុល្លារ ក្នុងមួយបារ៉ែល។
លោក Tony Sycamore អ្នកវិភាគរបស់បណ្ដាញសង្គម IG បាននិយាយថា៖ «ការបើកដំណើរការឡើងវិញនៅព្រឹកនេះ និយាយអំពីទស្សនៈបច្ចុប្បន្ននៅក្នុងទីផ្សារប្រេងឆៅ ទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅអឺរ៉ុប និងមជ្ឈិមបូព៌ាក៏ដោយ»។
តម្លៃបានធ្លាក់ចុះបើទោះបីជាមានការចោទប្រកាន់ថា មានការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែននៅឯស្ថានីយនាំចេញឥន្ធនៈដ៏ធំរបស់រុស្ស៊ីក៏ដោយ។ ក្រុមហ៊ុនផលិតរុស្ស៊ី Novatek បាននិយាយកាលពីថ្ងៃអាទិត្យ (ទី២១ ខែមករា) ថា ខ្លួនត្រូវបង្ខំឲ្យផ្អាកប្រតិបត្តិការមួយចំនួន នៅឯស្ថានីយសមុទ្របាល់ទិក ដោយសារតែអគ្គិភ័យ។
នៅតំបន់មជ្ឈិមបូព៌ា សង្រ្គាមនៅតំបន់ហ្កាហ្សានៅបន្តមាន ខណៈពេលដែលសហរដ្ឋអាមេរិក បានវាយប្រហារមីស៊ីលប្រឆាំងនាវាមួយផ្សេងទៀតដែលត្រៀមបាញ់ចូលទៅក្នុងឈូងសមុទ្រ Aden ដោយក្រុមសកម្មប្រយុទ្ធហ៊ួទីរបស់ប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ (ទី២០ ខែមករា)។ ការវាយប្រហារដោយក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden បានរំខានដល់ពាណិជ្ជកម្មពិភពលោក។ ហើយវាក៏បានរឹតបន្តឹងទីផ្សារប្រេងឆៅនៅអឺរ៉ុប និងអាហ្រ្វិកផងដែរ៕