
តុលាការថៃគ្រោងនឹងកាត់ក្តីនៅថ្ងៃពុធ (ទី២៤ ខែមករា) នេះ លើការអះអាងដែលថា អតីតបេក្ខជនប្រជែងតំណែងនាយករដ្ឋមន្ត្រី លោក Pita Limjaroenrat (ភីថា លឹមចារ៉ើនរ៉ាត់) អាចនឹងបំពានច្បាប់នៃការបោះឆ្នោតសកលឆ្នាំ២០២៣ ដោយការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។
អតីតនាយកប្រតិបត្តិនៃកម្មវិធីហៅយានជំនិះ Grab លោក ភីថា ដែលបានបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យ Harvard បានដឹកនាំគណបក្សដែលកំពុងរីកចម្រើនជាលំដាប់របស់ប្រទេសថៃ គឺគណបក្ស Move Forward (បោះជំហានទៅមុខ) ទទួលបានជ័យជម្នះយ៉ាងគួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោត កាលពីឆ្នាំមុន លើរបៀបវារៈកំណែទម្រង់ប្រឆាំងស្ថាប័នដែលគំរាមកំហែងដល់ស្ថានភាពនយោបាយ។
តែទោះជាយ៉ាងណាក្ដី បុរសមានវ័យ ៤៣ឆ្នាំរូបនេះ បានបរាជ័យចំនួន ២ដង ក្នុងការបោះឆ្នោតនៅសភា ដើម្បីបានក្លាយជានាយករដ្ឋមន្ត្រី។ ដូច្នេះ ដើម្បីបង្កើតរដ្ឋាភិបាល គណបក្សរបស់លោក បានសម្រេចព្រមឲ្យគណបក្សដែលមានអាសនៈច្រើនជាងគេទី២ គឺគណបក្ស Pheu Thai (ភឿថៃ) គ្រប់គ្រងប្រទេសដោយការស្នើបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីរបស់គណបក្សនោះ។
កាលពីខែកញ្ញា ឆ្នាំ២០២៣ លោក ភីថា បានលាលែងពីតំណែងជាមេដឹកនាំរបស់គណបក្ស ខណៈពេលដែលឋានៈធ្វើនយោបាយរបស់លោក ត្រូវបានព្យួរ បន្ទាប់ពីមានដីការបស់តុលាការ៕