
សហជីពអាកាសយានិក នៅថ្ងៃចន្ទ (ទី២២ ខែមករា) នេះ បានបោះឆ្នោតធ្វើកូដកម្ម នៅក្រុមហ៊ុនអាកាសចរណ៍ Eva Airways របស់កោះតៃវ៉ាន់ ក្នុងជម្លោះលើប្រាក់ខែ និងលក្ខខណ្ឌការងារផ្សេង ដោយបង្កើនដល់ការរំពឹងទុកនៃសកម្មភាពឧស្សាហកម្ម ដែលអាចប៉ះពាល់ដល់ជើងហោះហើរ ក្នុងឱកាសបុណ្យចូលឆ្នាំចិនដ៏ធំ នៅខែក្រោយនេះ។
សហជីពអាកាសយានិក Taoyuan Union of Pilots និយាយថា ក្រុមហ៊ុនអាកាសចរណ៍ Eva មិនបានដំឡើងប្រាក់ខែគ្រប់គ្រាន់ទេ ហើយបាននិងកំពុងជ្រើសរើសអ្នកបើកយន្តហោះបរទេសដើម្បីបំពេញការខ្វះខាតកម្លាំងពលកម្មដោយមិនគោរពច្បាប់។ ក្រុមហ៊ុនអាកាសចរណ៍ Eva និយាយថា ខ្លួនបានដំឡើងប្រាក់ខែជាលំដាប់ ហើយមិនបានជ្រើសរើសអ្នកបើកយន្តហោះណាមួយដែលផ្ទុយនឹងច្បាប់នោះទេ។
សហជីពបានចាប់ផ្តើមបោះឆ្នោតសមាជិក ពាក់ព័ន្ធនឹងសកម្មភាពធ្វើកូដកម្មកាលពីខែមុន បន្ទាប់ពីការចរចាជាមួយក្រុមហ៊ុនមិនទទួលបានជោគជ័យ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីសន្លឹកឆ្នោតត្រូវបានរាប់រួច សហជីពបាននិយាយថា អ្នកបើកយន្តហោះបានបោះឆ្នោតផ្តល់សិទ្ធិឱ្យចាប់ផ្តើមសកម្មភាពកូដកម្ម ហើយគេរំពឹងថានឹងមានកូដកម្មកើតឡើង ក្នុងរង្វង់បុណ្យចូលឆ្នាំថ្មី ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទពិតប្រាកដនោះទេ។ ក្រុមហ៊ុនអាកាសចរណ៍ Eva មិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយទេ៕