
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា តុលាការមួយនៅប្រទេសវៀតណាមនៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតមនុស្ស ៩នាក់ បន្ទាប់ពីត្រូវបានកាត់ទោសពីបទជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយរបស់ប្រទេសនេះ ក្នុងរយៈពេលជាច្រើនខែ។
សារព័ត៌មានអនឡាញ VnExpress បានរាយការណ៍ថា ពួកគេត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទជួញដូរថ្នាំញៀនមេតំហ្វេតាមីន ១០៥គីឡូក្រាម (២៣១,៤៩ ផោន) និងហេរ៉ូអ៊ីនពីប្រទេសឡាវទៅកាន់ប្រទេសវៀតណាម ចាប់ពីឆ្នាំ ២០២១ រហូតដល់ដើមឆ្នាំ ២០២២ នៅពេលដែលក្រុមនេះ ត្រូវបានចាប់ខ្លួន។ សារព័ត៌មានរ៉យទ័រ មិនអាចទាក់ទងមេធាវីរបស់ពួកគេភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយបានទេ។
ប្រទេសវៀតណាម គឺស្ថិតក្នុងចំណោមច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក ដែលអ្នកណាម្នាក់រកឃើញថា មានទោសពីបទជួញដូរហេរ៉ូអ៊ីន មេតំហ្វេតាមីន កូកាអ៊ីន ឬអាំហ្វេតាមីន ១០០ ក្រាម ឬច្រើនជាងនេះ ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត។
ការជួញដូរគ្រឿងញៀន នៅតែរីករាលដាលនៅឡើយ ដោយមានជនសង្ស័យចំនួន៤១,៤០០ នាក់ ត្រូវបានចាប់ខ្លួន ក្នុងករណីចំនួន ២៦,៤៦៩ កាលពីឆ្នាំមុន កើនឡើងពីអ្នកជួញដូរ ៣៦,០០០នាក់ និង ២៤ ,000ករណីក្នុងឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យពីក្រសួងសន្តិសុខសាធារណៈ។
កាលពីខែវិច្ឆិកា តុលាការនៅទីក្រុងហូជីមិញ បានកាត់ទោសប្រហារជីវិតមនុស្ស ១៨នាក់ រួមទាំងជនជាតិ កូរ៉េខាងត្បូង២នាក់ និងជនជាតិចិនម្នាក់ ក្នុងសំណុំរឿងឆ្លងដែន ដែលពួកគេត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនគ្រឿងញៀន ២១៦គីឡូក្រាមពីកម្ពុជាទៅវៀតណាមក្នុងឆ្នាំ ២០២០ ដោយមួយផ្នែកនៃគ្រឿង ញៀននោះ មានទិសដៅទៅកូរ៉េខាងត្បូង។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សកម្មភាពជួញដូរគ្រឿងញៀន កំពុងកើតឡើងក្នុងលក្ខណៈស្មុគស្មាញ នៅលើផ្លូវគោក ផ្លូវអាកាស និងសមុទ្រ»។