ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនានេះថា ក្រុមកងពេទ្យយោធាមួយចំនួន ដែលកំពុងស្ម័គ្រចិត្តចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជាកូវីដ-១៩ ជូនបណ្តាពលរដ្ឋទូទៅនៅក្នុងស្រុក អាចនឹងស្នើសុំការស្ម័គ្រចិត្តបញ្ជូនចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិលើការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកងកម្លាំងមួកខៀវមកពីប្រទេសផ្សេងៗ និងបណ្តាពលរដ្ឋស៊ីវិលនៅតាមប្រទេសកំពុងមានជម្លោះសង្គ្រាម។
ដោយមានការស្នើពីខាងភាគីអង្គការសហប្រជាជាតិUN អោយកម្ពុជារៀបចំក្រុមពេទ្យមួកខៀវជំនាញចាក់វ៉ាក់សាំងការពារកូវីដ-១៩ ត្រៀមខ្លួនបញ្ជូនចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពUN លើការងារចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកងកម្លាំងមួកខៀវ និងពលរដ្ឋស៊ីវិលនានា នៅក្នុងតំបន់បេសកកម្មតាមបណ្តាប្រទេសកំពុងមានជម្លោះសង្គ្រាម ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាអនុប្រធានគណៈកម្មាធិការបញ្ជូនកងកម្លាំងរក្សាសន្តិភាព បានសម្រេចថា នឹងស្នើប្រមុខថ្នាក់ដឹកនាំក្រសួងការពារជាតិ និងរៀបចំក្រុមពេទ្យយោធាមួយចំនួនដែលកំពុងអនុវត្តផ្ទាល់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនពលរដ្ឋទូទៅនេះ ត្រៀមចូលរួមបំពេញបេសកកម្មសកម្មភាពមនុស្សធម៌ចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅក្រៅប្រទេសទៀត។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅក្នុងឱកាសចុះត្រួតពិនិត្យសកម្មភាពក្រុមពេទ្យរក្សាសន្តិភាពចុះចាក់វ៉ាក់សាំងកូវីដ ជូនពលរដ្ឋទូទៅនៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ កាលពីពេលថ្មីនេះ ក៏បានថ្លែងថា ដើម្បីបញ្ជូនកងពេទ្យមួកខៀវកម្ពុជា ចូលរួមបំពេញបេសកកម្មជូនពលរដ្ឋនៅតាមបណ្តាប្រទេសកំពុងមានជម្លោះសង្គ្រាមនោះបានលុះត្រា កងពេទ្យយោធាយើងមានបទពិសោធន៍ចាក់វ៉ាក់សាំង និងមានវិញ្ញាបនបត្របញ្ជាក់ ឬ មាន Certificate បញ្ជាក់ពី នាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារនៃក្រសួងការពារជាតិ ឬសុំវិញ្ញាបនបត្របញ្ជាក់ពីក្រសួងសុខាភិបាល និងមានការហ្វឹកហ្វឺនបន្ថែមពីក្រុមពេទ្យបន្ថែមមកពីអង្គការសហប្រជាជាតិ។
ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា បច្ចុប្បន្នដោយមានតម្រូវការស្នើពីខាងភាគីUN គឺមានកងពេទ្យទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅតាមបណ្តាប្រទេសនានា គឺបាននិងកំពុងចូលរួមសកម្មភាពចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់បណ្តាកងកម្លាំងទ័ពមួកខៀវគ្នាយើងផង និងទ័ពមួកខៀវមកពីតាមប្រទេសផ្សេងៗផងដែរ ប៉ុន្តែមិនបានពង្រីកការចាក់ជូនបណ្តាពលរដ្ឋស៊ីវិលនៅក្នុងតំបន់ប្រទេសកំពុងមានជម្លោះសង្គ្រាមនោះទេ ដោយសារចំនួនវ៉ាក់សាំងមានកម្រិត។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានទ័ពមួកខៀវប្រមាណជិត៨០០នាក់ បាននិងកំពុងឈរជើងបំពេញបេសកកម្មរក្សាសន្តិភាព នៅតាមបណ្តាប្រទេសចំនួន៥រួមមាន ៖ ប្រទេស ស៊ូដង់ ស៊ូដង់ខាងត្បូង ប្រទេសលីបង់ សាធារណរដ្ឋអាហ្វ្រឹកកណ្តាល និងប្រទេសម៉ាលី៕
អត្ថបទ ៖ ស៊ុម សុខជា