ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ ITI ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤នេះ ទទួលបានការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិតខ្ពស់សរុបចំនួនជាង ៨០០នាក់ថែមទៀត លើមុខជំនាញចំនួន៦ផ្សេងគ្នា ដូចជាជំនាញវិស្វកម្ម , មេកានិករថយន្ត , បរិក្ខាត្រជាក់អគ្គិសនី , មេកានិកឧស្សាហកម្ម , ព័ត៌មានវិទ្យា និងបន្ស៊ីលោហៈ។
ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៅក្រោយចប់ពិធីបើកបវេសនកាល និងតម្រង់ទិសដល់សិស្ស និស្សិត នៅព្រឹកថ្ងៃទី២២ ខែមករានេះ បានមានប្រសាសន៍ប្រាប់ ប៊ីធីវី ឲ្យដឹងថា ឆ្នាំសិក្សាថ្មីនេះ សម្រាប់សញ្ញាបត្រកម្រិតជាន់ខ្ពស់បច្ចេកទេស កត់សម្គាល់ឃើញថា យុវជនជាច្រើននាក់បានងាកមកចាប់អារម្មណ៍ និងមានចុះឈ្មោះជាច្រើនបន្តបន្ទាប់ ដោយសង្ឃឹមថា នឹងអាចសម្រេចបានតាមគោលដៅនាពេលអនាគត។
ជាមួយនេះ ឯកឧត្តម បានអំពាវនាវឲ្យយុវជន ក៏ដូចជាអាណាព្យាបាលទាំងអស់គួរតែលើកទឹកចិត្ត និងជំរុញកូនឲ្យងាកមករៀនជំវិជ្ជាជីវៈ ដើម្បីមានសមត្ថភាពចូលទៅក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះថា សព្វថ្ងៃនេះ ដោយសារសុខសន្តិភាព និងស្ថេរភាពនិយោបាយ បានធ្វើឲ្យប្រទេសកម្ពុជាទាក់ទាញក្រុមហ៊ុនធំៗ និងល្បីឈ្មោះជាច្រើនឲ្យមកបណ្តាក់ទុន ព្រមទាំងបង្កើតការងាររាប់សិបកន្លែងជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តម ក៏បានផ្តាំផ្ញើរផងដែរទៅកាន់សិស្ស និស្សិតទាំងអស់ ឲ្យយកចិត្តទុកដាក់ ខិតខំតស៊ូរៀនសូត្រ ធ្វើយ៉ាងណាឲ្យក្លាយជាពលរដ្ឋដែលប្រកបដោយចំណេះដឹង ចំណេះធ្វើ សីលធម៌ សុជីវធម៌ និងគុណធម៌ល្អ ដើម្បីជួយឯង គ្រួសារ និងសង្គមជាតិទាំងមូល។
សូមជម្រាបជូនថា នៅក្នុងពិធីបើកបវេសនកាលរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនេះ តំណាងមកពីអង្គការ និងក្រុមហ៊ុនឯកជនធំៗជាច្រើន ដូចជាខាងផ្នែករថយន្ត ម៉ាស៊ីនត្រជាក់ និងជណ្តើរយន្ត។ល។ បានធ្វើបទបង្ហាញអំពីតម្រូវការកម្លាំងពលកម្មជំនាញ និងការរៀបចំខ្លួន ដើម្បីត្រៀមចុះកម្មសិក្សា ហាត់ការ និងក្លាយជាបុគ្គលិកក្រុមហ៊ុនពេញសិទ្ធិរបស់ក្រុមហ៊ុនក្រោយបញ្ចប់ថ្នាក់សិក្សា។
សូមបញ្ជាក់ទៀតថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ កម្មវិធីនេះដែរ នឹងជួយដល់យុវជន ដែលមកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ អាចចូលរៀនដោយមិនបង់ថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ផងដែរ៕ ដោយ ៖ បូរ៉ាវី










