
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានជួបជុំគ្នានៅមហោស្រពភាពយន្ត Sundance ស្ថិតក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ដោយពួកគេព្យាយាមបិទផ្លូវនៅព្រឹត្តការណ៍ប្រចាំឆ្នាំមួយនេះ ។
ក្រុមបាតុករ នាំគ្នាស្រែកពាក្យស្លោក និងកាន់បដា អំពាវនាវឲ្យបញ្ចប់ជម្លោះស្លាប់មនុស្សនៅតំបន់ហ្គាហ្សា ខណៈដែលភាគច្រើននៃពួកគេ កាន់បដាសរសេរថា ជម្លោះមួយនេះ គឺជាការប្រល័យពូជសាសន៍ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា បាតុកម្មនេះ ត្រូវបានចូលរួមផងដែរដោយតារាសម្តែងស្រី Melissa Barrera ។
តារាសម្តែងស្រី Barrera ត្រូវបានគេបណ្តេញចេញពីគម្រោងខ្សែភាពយន្ត 'Scream 7' កាលពីចុងឆ្នាំ ២០២៣ ដោយសារតែគោលជំហរគាំទ្រប៉ាឡេស្ទីនរបស់នាង នៅក្នុងជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស់ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នករៀបចំមហោស្រពភាពយន្ត Sundance ពុំបានផ្តល់សេចក្តីអត្ថាធិប្បាយណាមួយនោះទេ ជុំវិញបាតុកម្មមួយនេះ ។
យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា មនុស្សជាង ២៥.០០០នាក់ បច្ចុប្បន្នបានស្លាប់នៅក្នុងតំបន់ហ្គាហ្សា អំឡុងពេលការវាយលុករបស់អ៊ីស្រាអែលនៅទីនោះ ។
ក្រសួងខាងលើបាននិយាយថា មានអ្នកស្លាប់ចំនួន ១៧៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលធ្វើឲ្យក្លាយជាថ្ងៃមួយក្នុងចំណោមថ្ងៃស្លាប់ស្លាប់មនុស្សដ៏ច្រើនបំផុតនៅក្នុងសង្គ្រាមរហូតមកដល់ពេលនេះ ៕