
ផ្សែងអ័ព្ទពុលយ៉ាងក្រាស់ បានគ្របដណ្តប់ពីលើរដ្ឋធានីធំបំផុតការ៉ាឈីរបស់ប្រទេសប៉ាគីស្ថាននាថ្ងៃចន្ទនេះ ក្នុងនោះក្រុមអ្នកស្រុកបានដាក់ការស្តីបន្ទោសលើខ្យល់កខ្វក់ធ្វើឲ្យស្ថានភាពអាកាសធាតុ និងរយៈចម្ងាយមើលឃើញកាន់តែធ្ងន់ធ្ងរខ្លាំង ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ផ្សែងអ័ព្ទពុលនេះដែរ បានបង្អាក់ការធ្វើចរាចរណ៍របស់យានជំនិះគ្រប់ប្រភេទ និងធ្វើឲ្យមានការពន្យាពេលជើងហោះហើនៅទូទាំងប្រទេសប៉ាគីស្ថាន នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័រផ្លូវការរបស់ខ្លួន ក្រសួងឧតុនិយមប៉ាគីស្ថាន បានណែនាំឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ពេលដែលផ្សែងអ័ព្ទពុលយ៉ាងក្រាស់ ត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅតាមតំបន់ជាច្រើនទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងបន្ទាប់ ។
លោក Mohammad Saeed គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងការ៉ាឈី និយាយថា ពេលខ្លះករណីឆ្លងមេរោគបំពង់ក.កាន់តែកើតមានឡើងញឹកញាប់ជាងពេលមុនៗ ជំងឺក្អក ផ្តាសាយធ្ងន់ និងជំងឺគ្រុនក្តៅ ចេះតែកើតមានឡើង ។ មានក្មេងៗច្រើននាក់ណាស់ ដែលរងគ្រោះដោយសារតែជំងឺទាំងអស់នេះ ។ លោកបន្តថា ខ្យល់កខ្វក់ បានកើនឡើងនៅក្នុងទីក្រុង ហើយរដ្ឋាភិបាលគួរតែគ្រប់គ្រងស្ថានភាពអាក្រក់បែបនេះ ។
ដោយឡែក លោក Faheem Hussainដែលជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងរដ្ឋធានីការ៉ាឈីដែរនោះ និយាយថា បើសិនជាអ្នកប្រៀបធៀបស្ថានភាពបែបនេះ ទៅនឹងឆ្នាំមុន ខ្យល់កខ្វក់បានកើនឡើងខ្លាំង ។ គិតត្រឹមខែមករា មាននូវផ្សែងអ័ព្ទពុលច្រើនណាស់បង្កឡើងដោយសារតែខ្យល់កខ្វក់ ។
លោកថា មាននូវហេតុផលច្រើនសម្រាប់ខ្យល់កខ្វក់នេះ ដូចជាការបំភាយផ្សែងចេញពីរោងចក្រ និងរថយន្ត ហើយនិងហេតុផលផ្សេងៗទៀត ៕