
កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានសម្តែងមរណទុក្ខដល់អ្នកដែលបានស្លាប់ក្នុងការផ្លោងគ្រាប់កាំភ្លើងធំរបស់រុស្ស៊ី ។ លោកថា រុស្ស៊ីបានផ្លោងគ្រាប់កាំភ្លើងធំលើតំបន់ចំនួន ៩ក្នុងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ។
លោក Zelenskiy និយាយថា មាននូវការវាយប្រហារជាពិសេសរបស់រុស្ស៊ីនៅតំបន់ Donetsk ។ ជាអកុសល មាននូវអ្នករងរបួស និងអ្នករងគ្រោះថ្នាក់ដល់អាយុជីវិត ។
លោកនិយាយផងដែរថា មាននូវការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាផងដែរនៅជិតទីក្រុង Avdiivka, Bakhmut, Maryinka និងទីក្រុង Kupiansk ។
ដោយឡែក លោក Denis Pushilin គឺជាប្រធានតំបន់ Donetsk ដែលត្រូវបានតែងតាំងដោយរុស្ស៊ី បាននិយាយ ថា មនុស្ស ២៧នាក់ បានស្លាប់ និង២៥នាក់ បានរងរបួស នៅពេលដែលកងកម្លាំងអ៊ុយក្រែនបានផ្លោងគ្រាប់កាំភ្លើងទៅលើទីក្រុង Donetsk គ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
លោក Pushilin ដែលបានប្រកាសថ្ងៃកាន់ទុក្ខមួយថ្ងៃនៅថ្ងៃចន្ទនេះ បានដាក់កំហុសលើអ៊ុយក្រែន ចំពោះការវាយប្រហារនេះ ដោយចាត់ទុកថា ជាការវាយប្រហារដោយកាំភ្លើងធំគួរឱ្យរន្ធត់ទៅលើតំបន់ស៊ីវិល ៕