
រូបភាពវីដេអូឃ្លីបបញ្ចេញដោយក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ឃើញរថយន្តដឹកជំនួយមនុស្សធម៌ចេញពីប្រទេសអេហ្ស៊ីប បានបើកចូលតំបន់ហ្គាហ្សាស្រ្ទីប ដោយឆ្លងកាត់តាមច្រកព្រំដែន Rafah ។
ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានប្រកាសនៅក្នុងសារបង្ហោះជាច្រើននៅលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃអាទិត្យថា ក្រុមការងាររបស់ពួកគេ បានទទួលរថយន្តចំនួន ៨០គ្រឿង មកពីក្រុមអឌ្ឍចន្ទក្រហមអេហ្ស៊ីប ដែលបានបើកចូលតំបន់ហ្គាហ្សា កាត់តាមច្រកព្រំដែន Rafah ដោយដឹកជំនួយមនុស្សធម៌ចំាបាច់ជាច្រើន រួមទាំងស្បៀងអាហារ ទឹកផឹក សម្ភារៈជួយសង្រ្គោះ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ។
ខណៈពេលនោះដែរ គេមើលឃើញប្រជាពលរដ្ឋហ្គាហ្សា ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យចល័តមួយកន្លែងនៅលើនាវាកងទ័ពជើងទឹកបារាំង ខណៈស្ថាប័នវេជ្ជសាស្រ្តនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ ត្រូវបានបំផ្លាញនៅក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ។
នាវាចម្បាំងបារាំង Dixmude បានចូលចតនៅកំពង់ផែប្រទេសអេហ្ស៊ីប ក្បែរតំបន់ហ្គាហ្សា ចាប់តាំងពីខែវិច្ឆិកា រហូតដមក ។ ប្រភពនានា រួមទាំងក្រសួងការពារជាតិបារាំង បាននិយាយថាពលរដ្ឋតំបន់ហ្គាហ្សា ប្រហែល ១ពាន់នាក់ ត្រូវបានព្យាបាលនៅលើនាវា ដែលមានបុគ្គលិកពេទ្យជាង ៩០នាក់ ៕