កំពត ៖ បើមិនមានការប្រែប្រួលទេនោះ យ៉ាងយូរនៅដើមខែសីហា គណៈអភិបាលក្រុងបូកគោ នឹងតម្រូវឱ្យចូលកាន់តំណែង និងតួនាទី ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ត្រូវបាន គជប តម្រូវឱ្យធ្វើនៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១នេះ។
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចជុំពិភាក្សាជាមួយប្រតិភូក្រសួង មហាផ្ទៃ ស្ដីពីការពិនិត្យវឌ្ឍនភាព នៃការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត ហើយក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំក្រសួង បានជំរុញអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ឱ្យពន្លឿនការងាររៀបចំ ក្របខណ្ឌមន្ត្រីរដ្ឋបាលក្រុងបូកគោ ឲ្យបានឆាប់រហ័ស។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជំនួបប្រជុំពេលនេះ ដើម្បីពិនិត្យវឌ្ឍនភាព និងការជំរុញរៀបចំដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ឲ្យបានលឿនឆាប់រហ័ស ដោយអនុលោមតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជនី-ខេត្តក្រុង ស្រុក និងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែលនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង នៅថ្ងៃទី២៥ខែកក្កដា ២០២១នេះ។ ដូច្នេះការប្រកាសចូលកាន់មុខតំណែងតួនាទីក្រុមប្រឹក្សា និងគណៈអភិបាលក្រុងត្រូវធ្វើឲ្យបានលឿនបំផុត យ៉ាងយូរត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។
ឯកឧត្តម សក់ សេដ្ឋា បានស្នើឲ្យរដ្ឋបាលខេត្ត មន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំក្របខ័ណ្ឌមន្ត្រីរាជការ រដ្ឋ បាលក្រុងបូកគោ ឲ្យសមស្របនឹងទំហំការងារចាំបាច់ ចៀសវាងមន្ត្រីតែម្នាក់ ទទួលបន្ទុកច្រើនវិស័យ ដែលនាំឲ្យមានការរាំងស្ទះដល់ការងារបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកឡើងថា ចំពោះមុខ មានបញ្ហាមួយចំនួនពាក់ព័ន្ធការ ធ្វើសមាហរណកម្មមន្ត្រីរាជការ ក្នុងក្របខណ្ឌរដ្ឋបាលក្រុង ដែលមានអ្នកស្ម័គ្រចិត្តចំនួនតិចតួច និងមាន ការផ្ទេរពិបាក ពីក្រសួងសាមី ដែលបញ្ហានេះ អាចធ្វើឱ្យការឆ្លើយតបតម្រូវការក្នុងរចនាសម្ព័ន្ធក្របខ័ណ្ឌរដ្ឋ បាលក្រុងបង្កើតថ្មី មានការពិបាក ដែលត្រូវធ្វើឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជួយអន្តរាគមន៍៕
អត្ថបទ៖ អន សារឹម