
ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុបលោក Josep Borrell និយាយនៅថ្ងៃចន្ទនេះថា ផែនការរបស់អ៊ីស្រាអែលក្នុងការកម្ទេចក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស់ នៅតំបន់ហ្គាហ្សា នឹងមិនដំណើរការទេ ហើយសហភាពអឺរ៉ុប ត្រូវតែជំរុញកិច្ចខិតខំបង្កើតដំណោះស្រាយរដ្ឋ ២ បើទោះបីជាមានការជំទាស់ពីអ៊ីស្រាអែលក៏ដោយ ។
កាលពីថ្ងៃអាទិត្យកន្លងទៅ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់ឡើងវិញពីគោលជំហរប្រឆាំងនឹងរដ្ឋប៉ាឡេស្ទីន ដោយលោកនិយាយថា វានឹងក្លាយជាគ្រោះថ្នាក់អត្ថិភាពចំពោះអ៊ីស្រាអែល ។
លោក Borrell បានថ្លែងបែបនេះ នៅក្នុងជំនួបប្រចាំខែរបស់ក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដែលលើកនេះ មានការចូលរួមពីសមភាគីមកពីអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងហ្សកដានី ហើយនិងអគ្គលេខាធិការក្រុមសម្ព័ន្ធអារ៉ាប់ ។
កិច្ចពិភាក្សានេះ នឹងផ្តល់សំខាន់លើផលវិបាកនៃការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលារបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល ហើយនិងប្រតិបត្តិការសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ។
រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Israel Katz និងប្រធានអាជ្ញាធរការបរទេសប៉ាឡេស្ទីនលោក Riyad al-Maliki នឹងបង្ហាញខ្លួនដាច់ដោយឡែកពីគ្នានៅក្នុងជំនួបមួយនេះ ដែលនឹងពិភាក្សាផងដែរលើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ៕