
សភារុស្ស៊ីបានចាប់ផ្តើមពិចារណាលើសេចក្តីព្រាងច្បាប់មួយ នៅថ្ងៃចន្ទ (ទី២២ ខែមករា) នេះ ដែលនឹងផ្ដល់ឲ្យរដ្ឋនូវអំណាច ក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាជន ដែលត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍លើកងកម្លាំងប្រដាប់អាវុធ ឬសម្រាប់ការអំពាវនាវជាសាធារណៈឲ្យមានសកម្មភាពដែលប៉ះពាល់ដល់សន្តិសុខរដ្ឋ។
វិធានការនេះបានធ្វើឲ្យមានការប្រៀបធៀបទៅនឹងយុទ្ធនាការតាមប្រមាញ់ក្រុមប្រឆាំង ក្នុងទសវត្សរ៍ឆ្នាំ១៩៣០ ក្រោមការគ្រប់គ្រងរបស់មេដឹកនាំផ្តាច់ការសហភាពសូវៀត លោក Josef Stalin ជាមួយនឹងវោហាសាស្ត្រ «សត្រូវរបស់រដ្ឋ» របស់ពួកគេ ហើយអាចប៉ះពាល់ដល់ប្រជាជនរុស្ស៊ីរាប់ពាន់នាក់ដែលបាននិយាយប្រឆាំងនឹងការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។
ការរិះគន់អ្វីដែលទីក្រុងមូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ដោយជាក់ស្ដែងបានក្លាយជាបទលើ្មសព្រហ្មទណ្ឌ នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីថ្ងៃដែលសង្គ្រាមនោះបានចាប់ផ្តើមកាលពីជិត ២ឆ្នាំមុន ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះមានគោលបំណងដាក់ទណ្ឌកម្មឲ្យកាន់តែតឹងរ៉ឹងបន្ថែមទៀត។
នេះនឹងអនុញ្ញាតឲ្យរដ្ឋយកមកប្រើជាឧទាហរណ៍ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ី ដែលបានចាកចេញពីប្រទេស ហើយបានរិះគន់សង្គ្រាម ប៉ុន្តែដែលនៅបន្តពឹងផ្អែកលើប្រាក់ចំណូលពីការជួលផ្ទះ ឬអាផាតមិន (ផ្ទះល្វែង) នៅក្នុងប្រទេសរុស្ស៊ី។ ប្រធានរដ្ឋសភាជាន់ទាប Duma លោក Vyacheslav Volodin ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតី លោក Vladimir Putin បានហៅសេចក្តីព្រាងច្បាប់ថ្មីនេះថា «ច្បាប់បង្កាច់បង្ខូច»៕