ភ្នំពេញ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធត្រូវពង្រឹងការងារអប់រំសុខភាព និងជម្រុញការងារលើកកំពស់សុខមាលភាពឱ្យបានច្រើនជូនបងប្អូនប្រជាពលរដ្ឋ។
ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត, នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងកិច្ចប្រជុំខាងលើនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានធ្វើការពិនិត្យនូវរបាយការណ៍វឌ្ឍនភាពដែលបានកន្លងមក។ ចំពោះរបាយការណ៍ត្រូវរៀបចំឱ្យខ្លីខ្លឹម ទាំងខ្លឹមសារបច្ចេកទេសងាយយល់ និងមានពាក្យស្លោកខ្លីៗផងដែរ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជូនពរ និងថ្លែងអំណរគុណ កោតសរសើរដល់ក្រុមការងារក្រសួងសុខាភិបាល ដែលបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងចុះទៅពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋានរួមមាន៖ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សូមបន្តការចូលរួមសហការសកម្មភាពបែបនេះបន្តទៀត។
កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធ HYBRID ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាល រួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ៕
អត្ថបទ រដ្ឋា



















