
មន្រ្តីមួយរូបរបស់ក្រុមតាលីបង់ និយាយនៅថ្ងៃចន្ទនេះថា អ្នករស់រាន ៤នាក់ពីហេតុការណ៍ធ្លាក់យន្តហោះរុស្ស៊ីនៅតំបន់ភាគខាងជើងអាហ្វហ្គានីស្ថាន មានសុខភាពល្អទេ ។
ក្រុមអាជ្ញាធរអាកាសចរណ៍រុស្ស៊ី និយាយកាលពីមុននេះថា យន្តហោះដែលធ្វើដំណើរទៅកាន់រុស្ស៊ីជាមួយមនុស្ស ៦នាក់ បានបាត់ចេញពីរ៉ាដា នៅអាហ្វហ្គានីស្ថានកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ក្រោយនគរបាលអាហ្វហ្គានីស្ថាន និយាយថា ពួកគេទទួលបានសេចក្តីរាយការណ៍ពីការធ្លាក់យន្តហោះ ។
លោក Zabihullah Mujahid គឺជាអ្នកនាំពាក្យក្រុមតាលីបង់ និយាយថា អ្នកដំណើររស់រាន ៤នាក់នៅលើយន្តហោះ រួមទាំងពីឡុត បច្ចុប្បន្នកំពុងទទួលបានការព្យាបាល ក្រោយពួកគេត្រូវបានសង្រ្គោះពីកន្លែងធ្លាក់យន្តហោះ ។
លោកបន្តថា ហេតុការណ៍ធ្លាក់យន្តហោះនេះ បណ្តាលមកពីបញ្ហាបច្ចេកទេស ហើយសាកសពអ្នកដំណើរ ២នាក់ កំពុងស្ថិតតាមផ្លូវទៅកាន់ទីក្រុងកាប៊ុល ។
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS រាយការណ៍ថា យន្តហោះមួយគ្រឿងនេះ ធ្វើដំណើរចេញពីខេត្តប៉ាតាយ៉ា ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចររុស្ស៊ី ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ ។
ដោយឡែក សារព័ត៌មានរុស្ស៊ី SHOT រាយការណ៍ថា ប្រហែល ២៥នាទីមុនពេលបាត់ចេញពីរ៉ាដា ពីឡុតបានព្រមានថា ប្រេងឥន្ធនៈមានកម្រិតទាប ហើយយន្តហោះនឹងព្យាយាមចុះចតនៅអាកាសយានដ្ឋានក្នុងប្រទេសតាជីគីស្ថាន ៕