
សេវាកម្មរថភ្លើងទាំងអស់ពីស្ថានីយទីក្រុង Edinburgh ត្រូវបានផ្អាកនៅថ្ងៃចន្ទ (ទី២២ ខែមករា) នេះ បន្ទាប់ពីព្យុះ Isha បានបោកបក់ក្នុងល្បឿនជាង ៩០ម៉ាយល៍ ក្នុងមួយម៉ោង (១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង) ឆ្លងកាត់ប្រទេសស្កុតឡែន។ ជាមួយគ្នានេះ ជើងហោះហើររាប់សិបពីអាកាសយានដ្ឋាន ក្នុងទីក្រុង Edinburgh និង Glasgow ក៏ត្រូវបានលុបចោលផងដែរ។
ក្រុមហ៊ុនអយស្ម័យយាន ScotRail បានឲ្យដឹងនៅលើវេទិកាបណ្ដាញសង្គម X ថា សេវាកម្មរថភ្លើងរបស់ប្រទេសស្កុតឡែននឹងរងផលប៉ះពាល់រហូតដល់បណ្តាញផ្លូវដែកស្កុតឡែន បានត្រួតពិនិត្យផ្លូវដែក ដើម្បីមើលការខូចខាត បន្ទាប់ពីមានព្យុះ។
ដូចគ្នាដែរ រថភ្លើងផ្នែកខ្លះនៅភាគខាងត្បូងប្រទេសអង់គ្លេស ត្រូវបានរងផលប៉ះពាល់ ដែលក្នុងនោះរួមទាំងសេវាកម្ម រវាងទីក្រុងឡុងដ្រ៍ទៅកាន់អាកាសយានដ្ឋាន Gatwick ផងដែរ៕