
នាយករដ្ឋមន្រ្តីប៉ូឡូញថ្មី លោក Donald Tusk បានទៅដល់ប្រទេសជិតខាងអ៊ុយក្រែន នៅថ្ងៃចន្ទ (ទី២២ ខែមករា) ដើម្បីជួបជាមួយប្រធានាធិបតី លោក Volodymyr Zelenskiy ក្នុងគោលបំណងពង្រឹងទំនាក់ទំនង បន្ទាប់ពីមានជម្លោះនយោបាយជាច្រើនខែ រវាងសម្ព័ន្ធមិត្តក្នុងសម័យសង្គ្រាមទាំង២។
រដ្ឋមន្ត្រីការបរទេសលោក Radoslaw Sikorski បាននិយាយកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលរបស់លោក Tusk កំពុងស្វែងរកពីវិធីផ្ដល់គ្រាប់រំសេវ និងគ្រឿងយុទ្ធោបរណ៍យោធាបន្ថែមទៀត ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយថ្មី សម្រាប់អ៊ុយក្រែន។
ទីក្រុងវ៉ាសូវីបានលេចមុខឡើងជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ សម្រាប់ទីក្រុងគីវ ខណៈដែលប្រទេសនេះការពារខ្លួនប្រឆាំងនឹងរុស្ស៊ី និងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាបន្ថែមទៀតពីដៃគូលោកខាងលិច។ ហើយប្រទេសប៉ូឡូញក៏បានទទួលយកជនភៀសខ្លួនអ៊ុយក្រែនជាង ១លាននាក់ផងដែរ។
តែយ៉ាងណាក្ដី ទំនាក់ទំនងរវាងប្រទេសទាំង២ មានសភាពកាន់តែយ៉ាប់យ៉ឺន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចំពេលមានការរារាំងដោយអ្នកដឹកទំនិញប៉ូឡូញ នៅតាមព្រំដែន ដែលគំរាមកាត់បន្ថយផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសអ៊ុយក្រែន។ លោក Tusk បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកក៏មានគោលបំណង «ដោះស្រាយបញ្ហាឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»៕