មន្ទីរបញ្ចកោណបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារជាថ្មីកាលពីថ្ងៃចន្ទ ២២ មករា ក្នុងប្រទេសយេម៉ែន ដោយផ្តោតលើទីតាំងស្តុកអាវុធក្រោមដីរបស់ក្រុមហ៊ួទី (Houthi) ក៏ដូចជាសមត្ថភាពមីស៊ីល និងតាមដានដែលប្រើប្រាស់ដោយក្រុមគាំទ្រដោយអ៊ីរ៉ង់ដែលតែងតែដាក់គោលដៅលើការដឹកជញ្ជូននៅសមុទ្រក្រហម។

ក្រុម ហ៊ួទី(Houthis) ដែលគ្រប់គ្រងតំបន់មានប្រជាជនច្រើនជាងគេក្នុងប្រទេសយេម៉ែន បាននិយាយថា ការវាយប្រហាររបស់ពួកគេ ជាការបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅពេលអ៊ីស្រាអែលវាយប្រហារលើតំបន់ហ្កាហ្សា។

ការវាយប្រហាររបស់ ហ៊ួទី បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក និងបង្កការព្រួយបារម្ភខ្លាំង ចំពោះអតិផរណាពិភពលោក។ ពួកគេក៏មានការព្រួយបារម្ភយ៉ាងខ្លាំងដែរថា ការហៀរចេញពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចនឹងធ្វើឲ្យតំបន់មជ្ឈិមបូព៌ាមានអស្ថិរភាព។

យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយប្រទេសទាំង៦ ក្នុងការឆ្លើយតបចុងក្រោយនេះ កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសបានបើកការវាយប្រហារចំនួន៨លើក ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ ។
សេចក្តីថ្លែងការណ៍រួមបាននិយាយថា ការវាយប្រហារដ៏ជាក់លាក់ទាំងនេះ មានបំណងបង្អាក់ និងធ្វើឱ្យកម្ទេចសមត្ថភាពដែលក្រុម ហ៊ួទី ប្រើប្រាស់ដើម្បីគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក និងអាយុជីវិតរបស់ទាហានជើងទឹកស្លូតត្រង់។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស គ្រន ហ្សេបស៍ (Grant Shapps) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើងជាការការពារខ្លួនប៉ុណ្ណោះ ៕