ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែល ដែលវាយសម្រុករុលចូលជ្រៅទៅភាគខាងលិចទីក្រុងខាន់ យ៉ូនីស (Khan Younis) នៅក្នុងការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមបំផុតរបស់តំបន់ហ្កាហ្សា រហូតមកដល់ពេលនេះក្នុងខែមករា បានសម្រុកចូលមន្ទីរពេទ្យមួយ និងដាក់ការឡោមព័ទ្ធមួយទៀតកាលពីថ្ងៃចន្ទ (២២ មករា) ដោយធ្វើឲ្យអ្នករបួសមិនទទួលបានការថែទាំ។

កងទ័ពបានរុលចូលជាលើកដំបូងចូលទៅក្នុងសង្កាត់ អាល់ម៉ាវ៉ាស៊ី (al-Mawasi) ក្បែរឆ្នេរសមុទ្រមេឌីទែរ៉ាណេ ភាគខាងលិចនៃក្រុងខាន់ យ៉ូនីស ដែលជាទីក្រុងសំខាន់នៅភាគខាងត្បូងហ្កាហ្សា។ នៅទីនោះ ពួកគេបានសម្រុកចូលមន្ទីរពេទ្យ អាល់ឃែរ (Al-Khair) ហើយចាប់ខ្លួនបុគ្គលិកពេទ្យ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក អាស្រាហ្វ អាល់គីដ្រា (Ashraf al Qidra) បានប្រាប់សារព័ត៌មានរ៉យទ័រ។

មិនមានការលើកឡើងណាមួយពីអ៊ីស្រាអែលអំពីស្ថានភាពនៅមន្ទីរពេទ្យនោះទេ ហើយការិយាល័យអ្នកនាំពាក្យយោធាមិនមានការអត្ថាធិប្បាយទេ។ យោធាបាននិយាយនៅពេលក្រោយមកថា ទាហានអ៊ីស្រាអែលបីនាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ នៅតំបន់ហ្កាហ្សាភាគខាងត្បូង។

លោក គីដ្រា បាននិយាយថាយ៉ាងហោចណាស់មនុស្ស ៥០នាក់ ត្រូវបានសម្លាប់ពេញមួយយប់នៅទីក្រុងខាន់ យ៉ូនីស ខណៈពេលដែលការឡោមព័ទ្ធមូលដ្ឋានពេទ្យមានន័យថានឹងមានមនុស្សរាប់សិបនាក់ស្លាប់ និងរបួស ដែលហួសពីលទ្ធភាពនៃការជួយសង្គ្រោះ៕