ប្រជាជនប៉ាឡេស្ទីនបានគេចចេញពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតំបន់ហ្កាហ្សាភាគខាងត្បូង ជាទីដែលប្រព័ន្ធទំនាក់ទំនងនានាត្រូវបានកាត់ផ្ដាច់ម្តងទៀតកាលពីថ្ងៃចន្ទ ២២ មករា ខណៈសម្ពាធកើនឡើងលើអ៊ីស្រាអែល សម្រាប់ដំណោះស្រាយដែលពាក់ព័ន្ធនឹងភាពជារដ្ឋប៉ាឡេស្ទីនដែលបានស្វែងរកជាយូរមកហើយ។

លោក ម៉ាឌីអានតា (Mahdi Antar)វ័យ២១ឆ្នាំ បានស្វែងរកការជ្រកកោននៅមន្ទីរពេទ្យ Al-Nasser ក្នុងទីក្រុង Khan Yunis ជាទីក្រុងភាគខាងត្បូងដ៏សំខាន់របស់តំបន់ហ្កាហ្សា ដែលបានក្លាយជាចំណុចកណ្តាលនៃសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងទាហានអ៊ីស្រាអែល ខណៈសង្រ្គាមនេះបានឈានចូលដល់ខែទី៤ហើយ។

លោកបាននិយាយថា ស្ថានភាពគួរឱ្យភ័យខ្លាច។ ការលំបាកខ្លាំងមានទាំងយប់មានទាំងថ្ងៃ ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារឥតឈប់ឈរ។ លោកមិនដឹងថាត្រូវធ្វើអ្វីទេ។
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្ទ្រីបគ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍កាលពីថ្ងៃចន្ទថាមនុស្សជាង ១២០ នាក់បានស្លាប់ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ។
អ្នកសារព័ត៌មាន AFP បានឃើញជនរងគ្រោះនៃការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Nasser ហើយអ្នកកាន់ទុក្ខបានបញ្ចុះសាកសពនៅក្នុងផ្នូរដ៏ធំមួយ។

យោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា អ៊ីស្រាអែលបានបើកការវាយលុកឥតឈប់ឈរ ដែលបានសម្លាប់មនុស្សយ៉ាងហោច ២៥.២៩៥ នាក់ នៅហ្កាហ្សា ប្រហែល ៧០ ភាគរយនៃពួកគេជាស្ត្រី កុមារ និងក្មេងជំទង់៕