មន្ត្រីពីររូបដែលបានដឹងពីការពិភាក្សាជាអន្តរជាតិដែលកំពុងបន្តបានប្រាប់ទូរទស្សន៍ CNN ថា អ៊ីស្រាអែលបានស្នើឱ្យក្រុមមេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស អាចចាកចេញពីតំបន់ហ្កាហ្សាជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយមួយ ។

សំណើដែលមិនត្រូវបានគេរាយការណ៍ពីមុនមកបានកើតឡើង ខណៈអ៊ីស្រាអែលកំពុងតស៊ូសម្រេចគោលដៅក្នុងការកម្ទេចក្រុមហាម៉ាសទាំងស្រុង។ ទោះបីជាសង្រ្គាមនៅតំបន់ហ្កាហ្សាមានអាយុកាលជិត៤ខែក៏ដោយ អ៊ីស្រាអែលបានបរាជ័យក្នុងការចាប់ខ្លួន ឬសម្លាប់ក្រុមមេដឹកនាំជាន់ខ្ពស់បំផុតរបស់ហាម៉ាសនៅហ្កាហ្សា ហើយនៅតែកំពុងប្រយុទ្ធជាមួយកងកម្លាំងក្រុមហាម៉ាសដែលនៅសល់ប្រហែល ៧០% នេះបើយោងតាមការប៉ាន់ប្រមាណរបស់អ៊ីស្រាអែល។

បើអ៊ីស្រាអែលនឹងផ្តល់ច្រកចេញដោយសុវត្ថិភាពពីតំបន់ហ្កាហ្សាសម្រាប់មេដឹកនាំកំពូលៗរបស់ហាម៉ាស ដែលរៀបចំការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ការចាកចេញពីតំបន់ហ្កាហ្សារបស់ក្រុមមេដឹកនាំរបស់ខ្លួនអាចធ្វើឱ្យកម្លាំងរបស់ក្រុមហាម៉ាសចុះខ្សោយ លើតំបន់ដែលហែកហួរដោយសង្រ្គាម ហើយក៏នឹងអនុញ្ញាតឱ្យអ៊ីស្រាអែលបន្តតាមដានគោលដៅសំខាន់ៗនៅបរទេសផងដែរ។

ក្រុមមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស ត្រូវបានគេដឹងថារស់នៅក្នុងទីក្រុងដូហា(Doha) ប្រទេសកាតា និងរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ ស្ថិតក្នុងចំណោមកន្លែងផ្សេងទៀតនៅខាងក្រៅទឹកដីប៉ាឡេស្ទីន។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីដើមខែនេះបានសម្លាប់មេបញ្ជាការកំពូលរបស់ក្រុមហាម៉ាសម្នាក់នៅក្រុងបេរូត។
យោងតាមមន្ត្រីម្នាក់ដែលបានដឹងការពិភាក្សានេះ សំណើរបស់អ៊ីស្រាអែលដែលថាមេដឹកនាំក្រុមហាម៉ាស អាចចាកចេញពីតំបន់ហ្កាហ្សា ទោះបីជាទំនងជាមិនត្រូវបានទទួលយកដោយក្រុមហាម៉ាសក៏ដោយ ត្រូវបានពិភាក្សាជាផ្នែកមួយនៃការចរចាបទឈប់បាញ់យ៉ាងទូលំទូលាយយ៉ាងហោចណាស់ពីរដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងនោះម្តងបានធ្វើឡើងកាលពីខែមុននៅទីក្រុងវ៉ាសូវី ដោយប្រធានចារកម្ម Mossad របស់អ៊ីស្រាអែល លោក David Barnea ហើយបន្ទាប់មក ជាថ្មីម្តងទៀតក្នុងខែនេះនៅទីក្រុង Doha ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ៕