សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (២២ មករា) បានអំពាវនាវឱ្យអ៊ីស្រាអែល ការពារប្រជាជនស្លូតត្រង់នៅក្នុងមន្ទីរពេទ្យ បុគ្គលិកពេទ្យ និងអ្នកជំងឺ ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានសម្រុកចូលមន្ទីរពេទ្យមួយ និងដាក់ការឡោមព័ទ្ធមួយទៀតនៅពេលដែលពួកគេបានវាយរុលចូលជ្រៅទៅក្នុងភាគខាងលិចទីក្រុង ខាន់ យ៉ូនីស (Khan Younis) ក្នុងតំបន់ហ្កាហ្សា។

អ្នកស្រុកបាននិយាយថា ការទម្លាក់គ្រាប់បែកពីលើអាកាស ដីគោក និងសមុទ្រ គឺជាការវាយប្រហារខ្លាំងបំផុតនៅតំបន់ហ្កាហ្សាភាគខាងត្បូង ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅក្នុងខែតុលា មក។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ចន ឃឺប៊ី (John Kirby) បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែយើងរំពឹងថាពួកគេនឹងធ្វើស្របតាមច្បាប់អន្តរជាតិ និងដើម្បីការពារជនស្លូតត្រង់នៅក្នុងមន្ទីរពេទ្យ បុគ្គលិកពេទ្យ និងអ្នកជំងឺផងដែរតាមដែលអាចធ្វើបាន»។

អ៊ីស្រាអែលនិយាយថា ក្រុមយុទ្ធជនហាម៉ាសប្រតិបត្តិការក្នុង និងជុំវិញមន្ទីរពេទ្យ ប៉ុន្តែក្រុមហាម៉ាស និងបុគ្គលិកពេទ្យបដិសេធ។
អ៊ីស្រាអែលបានបើកការវាយលុកមួយកាលពីសប្តាហ៍មុនដើម្បីដណ្តើមយកក្រុងខាន់ យ៉ូនីស ដែលឥឡូវនេះអ៊ីស្រាអែលនិយាយថាជាទីស្នាក់ការសំខាន់របស់ពួកសកម្មប្រយុទ្ធហាម៉ាសដែលទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល៕