តិចជាងមួយថ្ងៃមុននឹងឈានដល់ការបោះឆ្នោតបឋមថ្នាក់ជាតិនៅរដ្ឋ ញ៉ូវ ហែមស៊ៀ (New Hampshire) របស់សហរដ្ឋអាមេរិក ការស្ទង់មតិថ្មីមួយបានបង្ហាញថាលោកអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) កំពុងនាំមុខអតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ លោកស្រី នីកគី ហាលី (Nikki Haley) ចំនួន ១៩ពិន្ទុនៅក្នុងរដ្ឋដែលសម្បូរទៅដោយថ្មក្រានីតមួយនេះ។

ការស្ទង់មតិរបស់សារព័ត៌មាន ប៊ូសស្តុន គ្លូប (Boston Globe) សារព័ត៌មាន អ៊ិនប៊ីស៊ី ថេន (NBC-10) និងសាកលវិទ្យាល័យ ស៊ូសហ្វូក (Suffolk) បានចេញផ្សាយកាលពីព្រឹកថ្ងៃចន្ទ (២២ មករា) ដោយបានស្ទង់មតិអ្នកបោះឆ្នោតបឋមរបស់បក្សសាធារណរដ្ឋចំនួន ៥០០នាក់ នៅរដ្ឋ ញ៉ូវ ហែមស៊ៀ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ការស្ទង់មតិនោះបានរកឃើញថាលោកស្រី ហាលី បានទទួលការគាំទ្រចំនួន ៣៨,២ភាគរយ នៃអ្នកឆ្លើយតប ខណៈពេលដែលលោក ត្រាំ ទទួលបាន ៥៧,៤ភាគរយ។ អ្នកឆ្លើយតបចំនួន ១,៦ភាគរយផ្សេងទៀតបានជ្រើសយកអ្នកផ្សេងទៀត ហើយចំនួន ២,២ភាគរយ នៃអ្នកឆ្លើយតបមិនបានសម្រេចចិត្តនោះទេ។
ការរកឃើញរបស់ការស្ទង់មតិនេះបានជំរុញដល់ការស្ទង់មតិផ្សេងទៀតដែលមើលឃើញនៅក្នុងរដ្ឋ ញ៉ូវ ហែមស៊ៀ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងកម្រិតថ្នាក់ជាតិ ដែលបង្ហាញថាលោក ត្រាំ បានរក្សាការនាំមុខដ៏គួរឲ្យកត់សម្គាល់ក្នុងការបោះឆ្នោតបឋម ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី ហាលី បានបង្រួមការនាំមុខរបស់លោក ត្រាំ ក្នុងរដ្ឋថ្មក្រាលនីតមួយនេះនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕