គ្រោះរញ្ជួយដីកម្រិត ៧,០ រ៉ិចទ័រ បានវាយប្រហារនៅតាមតំបន់ភ្នំ ព្រំដែនប្រទេសចិន-កៀហ្ស៊ីស្ថាន នៅថ្ងៃអង្គារ ទី២៣ ខែមករានេះ បង្កឱ្យមានការព្រមានអំពីការបំផ្លាញរាលដាលដែលអាចកើតមានទ្រង់ទ្រាយធំ ទោះបីជាពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ឬរងរបួសក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា អាជ្ញាធរក្នុងតំបន់ បានបញ្ជូនមនុស្សមួយក្រុម ដើម្បីទៅដល់ចំណុចកណ្តាលនៃការរញ្ជួយដី ខណៈមនុស្សប្រហែល ៨០០នាក់ កំពុងត្រៀមសម្រាប់បេសកកម្មសង្គ្រោះគ្រោះមហន្តរាយធំណាមួយ។

ការរញ្ជួយដីនេះត្រូវបានចុះបញ្ជីបន្ទាប់ពីម៉ោង ២,០០នាទី ព្រឹក ម៉ោងក្នុងតំបន់នៅថ្ងៃច័ន្ទនេះ មានជម្រៅ ១៣ គីឡូម៉ែត្រ ក្នុងតំបន់ ស៊ីនជាំង(Xinjiang) របស់ប្រទេសចិន ដែលមានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Aksu ។ សារព័ត៌មានស៊ីនហួររាយការណ៍ថា លំនៅឋានពលរដ្ឋចំនួនពីរខ្នង និងកន្លែងចិញ្ចឹមសត្វ បានបាក់រលំនៅក្នុងតំបន់ក្បែរចំណុចកណ្តាល ក្នុងតំបន់ Wushi ខណៈអគ្គិសនី ត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន។
ពលរដ្ឋទីក្រុង Aksu បាននិយាយថា ប្រជាជន បានប្រញាប់ប្រញាល់ ចេញទៅខាងក្រៅដើម្បីសុវត្ថិភាព ក្នុងពេលមានការរញ្ជួយ ទោះបីជាសីតុណ្ហភាពពេលព្រឹកព្រលឹមត្រជាក់ដល់ ដក១០ អង្សាសេក៏ដោយ។
យោងតាមសារព័ត៌មាន AFP បានឱ្យដឹងថា មនុស្សម្នាក៏បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដើម្បីស្វែងរកកន្លែងជ្រកកោននៅតាមដងផ្លូវក្នុងរដ្ឋធានី Bishkek របស់ប្រទេសកៀហ្សីស្ថាន បន្ទាប់ពីគ្រោះរញ្ជួយដីបានបណ្តាលឱ្យជញ្ជាំងរង្គើ និងគ្រឿងសង្ហារឹមយោលយោគ។
លោក Bohobek Azhikeev ប្រធានការិយាល័យនៃក្រសួងស្ថានភាពបន្ទាន់ប្រទេសកៀហ្ស៊ីស្ថាន បាននិយាយនៅក្នុងសារវីដេអូថា គ្មានអ្នកស្លាប់ អ្នករងរបួសនិងការខូចខាត ត្រូវបានចុះបញ្ជីនៅក្នុងទីក្រុង Bishkek នៅឡើយ។