រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី Alicia Barcena បាននិយាយកាលពីថ្ងៃចន្ទ ថា មន្ត្រីជាន់ខ្ពស់ប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាតេម៉ាឡា នឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន សម្រាប់កិច្ចពិភាក្សាស្តីពីការធ្វើអន្តោប្រវេសន៍។

ថ្លែងបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីសប្តាហ៍មុននៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Barcena បាននិយាយថា ភាគីទាំងពីរមានបំណងអនុញ្ញាតឱ្យអ្នកស្វែងរកសិទ្ធិជ្រកកោន ចុះឈ្មោះនៅភាគខាងត្បូងបន្ថែមទៀតសម្រាប់កម្មវិធីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលប្រើប្រាស់សម្រាប់កំណត់ពេលណាត់ជួប។

លោកស្រី Barcena បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលថា ជំហានដែលបានគ្រោងទុកសម្រាប់កម្មវិធីដែលត្រូវបានគេស្គាល់ថា CBP One មានគោលបំណងកាត់បន្ថយការប្រមូលផ្តុំមនុស្សនៅតាមព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិក។
លោកស្រីរដ្ឋមន្ត្រីនិយាយថា មន្ត្រីម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗចំនួន ១០ចំណុច ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ។ លោក Ken Salazar ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសម៉ិកស៊ិក បាននិយាយថា កិច្ចប្រជុំបានចេញលទ្ធផលនៅក្នុងក្របខ័ណ្ឌមួយ ដែលមានបីចំណុចសំខាន់ៗ។
លោក បានប្រាប់អ្នកសារព័ត៌មាន ថា ទាំងនេះកំពុងដោះស្រាយបញ្ហាឫសគល់នៃការធ្វើអន្តោប្រវេសន៍ បង្កើតផ្លូវច្បាប់សម្រាប់ជនអន្តោប្រវេសន៍ ទៅកាន់សហរដ្ឋអាមេរិក និងអនុវត្តច្បាប់ សម្រាប់អ្នកដែលបំពានច្បាប់។
លោកស្រី Barcena បាននិយាយថា ការស៊ើបអង្កេតនឹងត្រូវធ្វើឡើងចំពោះអាវុធមកពីកងទ័ពអាមេរិកដែលចូលទៅក្នុងប្រទេសម៉ិកស៊ិក បន្ទាប់ពីមានការជូនដំណឹងបញ្ជូនទៅអាមេរិកដោយមន្ត្រីក្នុងតំបន់។
លោក Salazar បាននិយាយថា ការកាត់បន្ថយលំហូរសព្វាវុធពីសហរដ្ឋអាមេរិកទៅកាន់ម៉ិកស៊ិក គឺជាអាទិភាពចម្បងសម្រាប់សហរដ្ឋអាមេរិក។ គណៈប្រតិភូអាមេរិកប្រចាំប្រទេសម៉ិកស៊ិក នៅដើមខែកុម្ភៈ នឹងពិភាក្សាផ្តោតលើការការពារអាវុធអាមេរិក មិនឲ្យចូលទៅដល់ប្រទេសម៉ិកស៊ិក។