គេហទំព័រព័ត៌មានរបស់សហរដ្ឋអាមេរិក បាននិយាយថា អ៊ីស្រាអែល បានផ្តល់សំណើថ្មីដល់ក្រុមអ៊ីស្លាមនិយមហាម៉ាស ដែលរួមមានការផ្អាកប្រយុទ្ធរហូតដល់ពីរខែ ជាថ្នូរទៅនឹងការដោះលែងចំណាប់ថ្នូរដែលនៅសល់ទាំងអស់។

ដោយលើកឡើងពីមន្ត្រីអ៊ីស្រាអែល គេហទំព័រ Axios កាលពីថ្ងៃចន្ទ បានរាយការណ៍ពីសំណើដែលត្រូវបានធ្វើឡើងតាមរយៈអ្នកសម្រុះសម្រួលមកពីប្រទេសកាតា និងប្រទេសអេហ្ស៊ីប។ ក្រោមកិច្ចព្រមព្រៀងដែលបានស្នើឡើង ក្រុមហាម៉ាស នឹងដោះលែងស្ត្រី មនុស្សវ័យចំណាស់ និងចំណាប់ថ្នូរដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ ក្នុងដំណាក់កាលដំបូង។ ចំណាប់ថ្នូរផ្សេងទៀត រួមមានទាំងទាហាន នឹងត្រូវដោះលែងជាដំណាក់កាល។ ការប្រយុទ្ធនឹងត្រូវផ្អាករយៈពេលពីរខែ រហូតដល់ចំណាប់ថ្នូរដែលនៅសល់ទាំងអស់ ត្រូវបានដោះលែង។

មន្ត្រីអ៊ីស្រាអែល ត្រូវបានគេដកស្រង់សម្តីដោយនិយាយថាសំណើនេះ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមរបស់ប្រទេសកាលពី ១០ ថ្ងៃកន្លងទៅនេះ។ តាមសេចក្តីរាយការណ៍ មន្ត្រីបាននិយាយថា អ៊ីស្រាអែល នឹងមិនយល់ព្រមបញ្ចប់សង្គ្រាមនោះទេ ហើយនឹងមិនយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ ៦.០០០នាក់ ពីពន្ធនាគាររបស់អ៊ីស្រាអែលដែរ។
ពួកគេបាននិយាយថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា នឹងមាន ទំហំកាន់តែតូច គួរឱ្យកត់សម្គាល់ នៅក្នុងវិសាលភាព និងកម្លាំង បន្ទាប់ពីការផ្អាករយៈពេលពីរខែ។
គេហទំព័រ Axios និយាយថា ការកំណត់នៃសំណើថ្មីសម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរគឺ «ខុសគ្នាពីទិដ្ឋភាពអតីតកាលនៃកិច្ចព្រមព្រៀងដែលត្រូវបានច្រានចោលដោយក្រុមហាម៉ាស និងការពឹងផ្អែកជាងសំណើរបស់អ៊ីស្រាអែលកាលពីពេលមុន។