អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា បេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានរាយការណ៍ថាក្រុមតាលីបង់ កំពុងហាមឃាត់ស្ត្រីដែលមិនទាន់រៀបការ ឬអ្នកទាំងឡាយណាដែលពុំមានបុរសគ្រប់គ្រង មិនឲ្យទទួលបានការងារ ឬទទួលបានសេវាផ្សេងៗ។

ការចោទប្រកាន់នេះ ធ្វើឡើងដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបានរៀបរាប់លម្អិតនៅក្នុងការធ្វើបច្ចុប្បន្នភាពថ្មីៗនេះ ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ការធ្វើបច្ចុប្បភាព ដែលគ្របដណ្តប់រយៈពេលពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២៣ ត្រូវបានប្រកាសដោយ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ។

លោក Dujarric បាននិយាយថា បុគ្គលិករបស់យើងនៅទីក្រុងកាប៊ុល និយាយថា អាជ្ញាធរផ្តាច់ការក្រុមតាលីបង់ បន្តអនុវត្ត និងផ្សព្វផ្សាយ ការរឹតត្បិតលើសិទ្ធិការងារ ការអប់រំ និងសេរីភាពរបស់ស្ត្រី ហើយ វាគឺជាមន្ត្រីនាយកដ្ឋានផ្សព្វផ្សាយគុណធម៌ និង ការការពារ ដែលកំពុងរារាំងសិទ្ធិស្ត្រី។ កាលពីដើមខែមុន មន្ត្រីទាំងនោះ បានណែនាំដល់សមាជិកបុគ្គលិកស្រីមិនទាន់រៀបការ នៅមណ្ឌលថែទាំសុខភាពឱ្យរៀបការ បើមិនដូច្នេះទេមានហានិភ័យបាត់បង់ការងារ ដោយនិយាយថា វាមិនសមស្របសម្រាប់ស្ត្រីដែលមិនទាន់រៀបការដើម្បីធ្វើការ។
អ្នកនាំពាក្យរូបនេះបាននិយាយថា ការធ្វើបច្ចុប្បន្នភាពក៏បាននិយាយផងដែរថា អាជ្ញាធរផ្តាច់ការ នៅតែបន្តអនុវត្តការដាក់ទណ្ឌកម្មនៅកន្លែងសាធារណៈ ដែលជាធម្មតាប្រកាសពីការដាក់ទណ្ឌកម្មនិងឧក្រិដ្ឋកម្ម ដែលពួកគេត្រូវបានអនុវត្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
របាយការណ៍មួយ បានលើកឡើងពី ហេតុការណ៍មួយកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ ដែល បុគ្គលិកសុខាភិបាលស្រី ៣ នាក់ ត្រូវបានឃុំខ្លួនដោយសារតែពួកគេទៅធ្វើការដោយគ្មានបុរសជូនដំណើរទៅជាមួយ។