ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិភាក្សាអំពីគម្រោង និងផែនការសកម្មភាពរបស់សមាគមកសិកម្ម ដើម្បីអភិវឌ្ឍជីវភាព នៅទីស្តីការក្រសួង។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពរបស់ក្រសួង និយាយដោយឡែក និងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យកសិកម្មនិយាយជារួម គឺការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានធនធានមនុស្សនិងថវិកាគ្រប់គ្រាន់ មានការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានបច្ចេកទេស និងការចំណាយថ្លៃដើមទាប មានគុណភាព ព្រមទាំងមានផែនការផលិតជាក់លាក់ ដែលអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ប្រការចំបាច់មួយទៀត គឺការធ្វើការរួមគ្នា និងទទួលខុសត្រូវរួមគ្នា ដើម្បីប្រជាពលរដ្ឋ ព្រោះយើងមានគោលដៅរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញលើកកម្ពស់វិស័យកសិកម្ម បង្កើនចំណូល និងផលចំណេញដល់កសិករ ក៏ដូចជាធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចលើគ្រប់អនុវិស័យទាំងអស់។

ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ថា សមាគមកសិកម្ម ត្រូវពិនិត្យលទ្ធភាពចូលរួម និងធ្វើការជាមួយគម្រោង និងដៃគូអភិវឌ្ឍនានា ដែលមានគោលដៅច្បាស់លាស់ ដើម្បីលើកកម្ពស់វិស័យកសិកម្មកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដោយត្រូវធ្វើការ និងដោះស្រាយបញ្ហាជាមួយគ្នាក្នុងខ្សែច្រវាក់តម្លៃ តាំងពីការផលិតរហូតទីផ្សារ។ ទន្ទឹមនឹងនេះដែរ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ នឹងដើរតួនាទីយ៉ាងសំខាន់លើការបណ្តុះបណ្តាល និងផ្សព្វផ្សាយព័ត៌មានកសិកម្ម និងទីផ្សារឱ្យបានដល់កសិករ៕





