អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយកាលពីថ្ងៃចន្ទ (២២ មករា) ថាប្រទេសហ្វីលីពីនថ្កោលទោសចំពោះ «សកម្មភាពបង្កហេតុ» ចុងក្រោយបង្អស់របស់ឆ្មាំល្បាតឆ្នេរចិន ប្រឆាំងនឹងក្រុមអ្នកនេសាទហ្វីលីពីន។

លោក ចូណាថាន ម៉ាឡាយ៉ា (Jonathan Malaya) ក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ បានយោងលើរបាយការណ៍មួយរបស់ឆ្មាំល្បាតឆ្នេរហ្វីលីពីន កាលពីចុងសប្តាហ៍អំពីឧប្បត្តិហេតុថ្ងៃទី១២ ខែមករា ដែលខ្លួនបាននិយាយថា ឆ្មាំល្បាតឆ្នេរចិនបានណែនាំអ្នកនេសាទឱ្យប្រគល់សំបកខ្យងសមុទ្រដែលប្រមូលបាននៅជិតតំបន់ជម្លោះនៃច្រកសមុទ្រ ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ទៅវិញបន្ទាប់មកបានបណ្តេញពួកគេចេញ។

ប្រទេសទាំងពីរនេះ មានការប្រឈមមុខដាក់គ្នាជាច្រើននាពេលថ្មីៗនេះនៅក្នុងដែនទឹកដែលមានជម្លោះមួយចំនួននៅក្នុងសមុទ្រចិនខាងត្បូង ដោយមានការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថាបានបង្កជម្លោះនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រសេដ្ឋកិច្ចនេះ៕
