ប្រទេសកាណាដា កាលពីថ្ងៃចន្ទ (២២ មករា) បានប្រកាសកាត់បន្ថយលើទិដ្ឋាការនិស្សិតអន្តរជាតិរយៈពេលពីរឆ្នាំ ដើម្បីបន្ធូរបន្ថយសម្ពាធលើលំនៅដ្ឋាន ការថែទាំសុខភាព និងសេវាកម្មផ្សេងទៀតនៅពេលដែលមានការធ្វើអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ក្នុងកំណត់ត្រា និងកំណើនថ្លៃចំណាយក្នុងការរស់នៅប្រចាំដ៏ខ្ពស់។

រដ្ឋមន្ត្រីអន្តោប្រវេសន៍លោក ម៉ាក មីលឡឺ (Marc Miller) បាននិយាយថានឹងមានការកាត់បន្ថយ ៣៥ភាគរយនៃទិដ្ឋាការសិក្សាថ្មីនៅឆ្នាំ២០២៤ នេះ។ លោកបាននិយាយថាកម្មវិធីនិស្សិតអន្តរជាតិត្រូវបានរងផលប៉ះពាល់ដោយបណ្ដាស្ថាប័នដែលផ្តល់សញ្ញាប័ត្រ «ក្លែងក្លាយ» ដោយដាក់សម្ពាធលើលំនៅដ្ឋាន និងការថែទាំសុខភាព។

ចំនួនទិដ្ឋាការថ្មីដែលត្រូវបានចេញនឹងត្រូវកំណត់ត្រឹម ៣៦៤.០០០ច្បាប់ប៉ុណ្ណោះ ដែលទិដ្ឋាការបែបនេះមានចំនួនជិត ៥៦០.០០០ច្បាប់ត្រូវបានចេញកាលពីឆ្នាំមុន។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) នៅទីក្រុងម៉ុនត្រេអាល់ (Montreal) នៅសប្តាហ៍នេះ នឹងផ្តល់អាទិភាពដល់លទ្ធភាពនៃការទទួលបានសេវាកម្មផ្សេងៗ និងលំនៅដ្ឋាន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។
រដ្ឋាភិបាលបាននិយាយថាមាននិស្សិតបរទេសប្រហែល ១លាននាក់ ក្នុងប្រទេសឥឡូវនេះ ហើយបើមិនមានការអន្តរាគមន៍ណាមួយនោះទេ ចំនួននេះនឹងបន្តកើនឡើងទៀត។ លោករដ្ឋមន្ត្រីអន្តោប្រវេសន៍ មីលឡឺ បាននិយាយថា ក្រុមមន្ត្រីបាននិងកំពុងធ្វើការលើការរក្សាស្ថិរភាពចំនួនប្រជាជនដែលចូលប្រទេសជារៀងរាល់ឆ្នាំ ខណៈដែលសម្ពាធលំនៅដ្ឋានកើនឡើងខ្លាំង៕