ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១២ តុលា ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពីបញ្ហាសុខភាព ដែលរងគ្រោះដោយសារទឹកជំនន់។
លោកជំទាវ វេជ្ជបណ្ឌិត បន្តថា ស្របពេលដែលមានបណ្តាខេត្តមួយចំនួនកំពុងរងគ្រោះដោយទឹកជន់លិច ក្នុងនោះក្រសួងសុខាភិបាល បានធ្វើការណែនាំដល់មន្ទីរសុខាភិបាលទូទាំងរាជធានី-ខេត្ត តាំងពីមុនពេលមានទឹកជំនន់កើតឡើង ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋជាបន្ទាន់។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល គឺមនី្ទរសុខាភិបាល បានអន្តរាគមន៍ជូនដល់ប្រជាពលរដ្ឋលើផ្នែកសុខភាព ដោយមានក្រុមគ្រូពេទ្យយាមប្រចាំការនៅតាមទីទួលមានសុវត្ថិភាព ព្រមទាំងផ្តល់សេវាកម្មថែទាំសុខភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ ក្រុមគ្រូពេទ្យ បានចុះទៅដល់មូលដ្ឋាន ដើម្បីផ្តល់ការអប់រំសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រោះថា នៅពេលមានទឹកជំនន់បានចូលមក វាតែងកើតមានឡើងនូវជំងឺឆ្លង និងមានពលរដ្ឋមួយចំនួនលង់ទឹកជាដើម។ ដូច្នេះមន្ត្រីសុខាភិបាលរបស់យើង ត្រូវចុះទៅអប់រំភ្លាមៗ ក្រៅពីនោះមន្ត្រីសុខាភិបាល បានចែកមុងជ្រលក់ថ្នាំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋសម្រានក្នុងមុង ជៀសវាងកើតជំងឺឆ្លង ដូចជា ៖ ជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនឈីក និងជំងឺឆ្លងដទៃទៀត ដែលបង្ករឡើងដោយសារមូសខាំ។
ដោយឡែកដើម្បីការពារអនាម័យ កុំឲ្យរាករូស និងបញ្ហាសុខភាពមួយចំនួនដែលអាចកើតមានឡើង លើបងប្អូនប្រជាពលរដ្ឋដោយសារការប្រើប្រាស់ និងបរិភោគទឹកមិនស្អាត ក្នុងពេលទឹកជំនន់នេះ មន្រី្តសុខាភិបាលបានផ្តល់ថ្នាំខ្លរ៉ាមីន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ យកថ្នាំនោះដាក់ក្នុងទឹក ដើម្បីធ្វើឲ្យទឹកនោះស្អាត អាចយកទៅប្រើប្រាស់បានដោយគ្មានការចម្លងមេរោគ។ ជាពិសេសក្រសួងសុខាភិបាល បានត្រៀមក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ ដើម្បីជួយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងជួយបានទាន់ពេលវេលា ចំពោះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ។ យើងក៏បានត្រៀមសម្ភារៈ បរិក្ខាពេទ្យ និងឱសថ ដើម្បីផ្តល់ការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាផងដែរ៕
អត្ថបទ ៖ រដ្ឋា