ភ្នំពេញ៖ កម្ពុជាបានប្រកាសពីការរកឃើញមនុស្ស ៨៣៩នាក់ទៀតឆ្លងមេរោគកូវីដ-១៩ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ៧១៨នាក់ទៀតផ្សេងទៀត ត្រូវបានព្យាបាលជាសះស្បើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីឆ្លងថ្មីដែលប្រកាសនៅថ្ងៃនេះ ត្រូវបានរកឃើញលើពលរដ្ឋ ៧៦៣នាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ហើយ ៧៦នាក់ទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាលបានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ១៧នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យតួលេខអ្នកស្លាប់ដោយសារជំងឺនេះ កើនឡើងដល់ ៥៤០នាក់ហើយគិតចាប់តាំងពីកម្ពុជាប្រកាសករណីស្លាប់ជាផ្លូវការលើកដំបូងកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ។
បើតាមក្រសួងសុខាភិបាល កម្ពុជាបានរកឃើញមនុស្សដល់ទៅ ៤៧ ៦៤៩នាក់ទៀត ឆ្លងកូវីដ-១៩នៅទូទាំងប្រទេសគិតចាប់តាំងពីប្រទេសនេះរកឃើញករណីឆ្លងដំបូងកាលពីចុងខែមករាឆ្នាំមុនមក។
ក្រសួងសុខាភិបាលក៏បានប្រកាសផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ៤២ ១៥៧នាក់ ត្រូវបានព្យាាបាលជាសះស្បើយឡើងវិញ ក្នុងនោះមានទាំងអ្នកជាសះស្បើយចំនួន ៧១៨នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕អត្ថបទ ៖ សុធី