នាយកដ្ឋានពន្លត់អគ្គីភ័យ បានរាយការណ៍កាលពីថ្ងៃចន្ទថា មនុស្ស ៦ នាក់បានលង់ទឹកស្លាប់ និង ៦ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលទូកដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់នៅឆ្នេរសមុទ្រ ប្រទេសប្រេស៊ីល ខណៈទូកនេះកំពុងដឹកអ្នកដំណើរទៅកាន់ពិធីជប់លៀងមួយ។
យោងតាមបណ្តាញ GloboNews បានរាយការណ៍ថា ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីយប់ថ្ងៃអាទិត្យនៅឈូងសមុទ្រ All Saints ជិតតំបន់ទីប្រជុំជន Salvador រដ្ឋធានីនៃរដ្ឋ Bahia ភាគកណ្តាល។ អ្នកនាំពាក្យ នាយកដ្ឋានពន្លត់អគ្គីភ័យ បានរាយការណ៍ថា មនុស្សពីរនាក់នៅបាត់ខ្លួននៅឡើយ ។
ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ មានក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ និងក្មេងជំទង់អាយុ១៧ឆ្នាំម្នាក់។
យោងតាមអ្នកនាំពាក្យរបស់កងទ័ពជើងទឹកបាននិយាយឲ្យដឹងថា អាជ្ញាធរបានបើកការស៊ើបអង្កេត ដើម្បីកំណត់ថាតើការវាយតប់គ្នានៅលើទូក បានបណ្តាលឱ្យទូកក្រឡាប់ឬយ៉ាងណា ខណៈទូកកំពុងដឹកមនុស្សទៅកាន់ពិធីជប់លៀងមួយមានចម្ងាយ ២ គីឡូម៉ែត្រ និងថាតើទូកនេះត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ធ្វើអាជីវកម្មដើម្បីដឹកជញ្ជូនអ្នកដំណើរដែរឬទេ។
ចំនួនពិតប្រាកដនៃអ្នកដំណើរនៅលើទូកនៅពេលលិច នៅមិនទាន់ដឹងច្បាស់នៅឡើយ ។