
ភាគច្រើននៃអ្នកបោះឆ្នោត នៅក្នុងការស្ទង់មតិថ្មីមួយ បានបង្ហាញអារម្មណ៍មិនសូវជាពេញចិត្តនោះឡើយ ចំពោះការប្រកួតប្រជែងគ្នាជាថ្មីម្ដងទៀត រវាងអតីតប្រធានាធិបតី លោក Donald Trump និងប្រធានាធិបតីបច្ចុប្បន្ន លោក Joe Biden ក្នុងការបោះឆ្នោតឆ្នាំ២០២៤។
លទ្ធផលស្ទង់មតិពីអង្គភាព Decision Desk HQ/NewsNation ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ (ទី២២ ខែមករា) បានរកឃើញថា ប្រហែល ៥៩ភាគរយនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះបង្ហាញការ «មិនពេញចិត្តខ្លាំងពេក» ឬ «មិនពេញចិត្តទាំងស្រុង» ចំពោះការប្រកួតប្រជែងគ្នាឡើងវិញ រវាងប្រធានាធិបតីទាំងអតីត និងបច្ចុប្បន្ននជ។ មានតែប្រហែល ៤១ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេ «ពេញចិត្តខ្លាំង» ឬ «ពេញចិត្តតិចតួច» ចំពោះការការប្រកួតប្រជែងគ្នាជាថ្មីនេះ។
បើយោងតាមតួលេខបោះឆ្នោតពី Decision Desk HQ/The Hill បានឲ្យដឹងថា លោក Trump បានឈ្នះការបោះឆ្នោតនៅរដ្ឋ Iowa កាលពីសប្តាហ៍មុន។ រូបលោកទទួលបានសំឡេងគាំទ្រប្រហែល ៣០ភាគរយច្រើនជាងបេក្ខជនលំដាប់ទី២ គឺលោក Ron DeSantis នៅក្នុងរដ្ឋ Hawkeye ហើតអភិបាល Florida បានសម្រេចបញ្ចប់យុទ្ធនាការប្រជែងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ឬ GOP កាលពីថ្ងៃអាទិត្យ (ទី២១ ខែមករា)។ លោក Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការឈ្នះនៅរដ្ឋ Iowa របស់លោក Trump មិនមានន័យអ្វីនោះទេ។
ការស្ទង់មតិ បានសួរអ្នកបោះឆ្នោតថា តើនរណាដែលពួកគេគិតថា នឹងឈ្នះនៅក្នុងការប្រកួតប្រជែងគ្នាឡើងវិញ នៅឆ្នាំ២០២៤ រវាងលោក Trump និងលោក Biden នេះ ប្រហែល ៤៣ភាគរយ បាននិយាយថា អតីតប្រធានាធិបតីនឹងមានជ័យជម្នះ ខណៈពេលដែលប្រហែល ៣៣ភាគរយបាននិយាយថា អ្នកកាន់តំណែងបច្ចុប្បន្ននឹងឈ្នះ។ ជិត ៧ភាគរយបានគិតថា តំណែងអ្នកដឹកនាំនឹងជារបស់ «បេក្ខជនផ្សេង» ហើយប្រហែល ១៧ភាគរយបាននិយាយថា ពួកគេ «មិនប្រាកដ» ថា តើអ្នកណានឹងក្លាយជាប្រធានាធិបតីនោះទេ។
សូមបញ្ជាក់ថា ការស្ទង់មតិដែលធ្វើឡើងនៅថ្ងៃទី ១៦-១៨ ខែមករានេះ បានសាកសួរអ្នកចុះឈ្មោះបោះឆ្នោតចំនួន ១.០០០នាក់។ កម្រិតនៃកំហុសឆ្គងសម្រាប់សំណួរអំពីការពេញចិត្ត ទាក់ទងនឹងការប្រកួតប្រជែងគ្នាជាថ្មី រវាងលោក Trump និងលោក Biden និងសំណួរអំពីអ្នកដែលបោះឆ្នោតគិតថា ពួកគេនឹងឈ្នះក្នុងការប្រកួតឡើងវិញនេះ គឺប្រហែល ៣ភាគរយ និង ៣,១ភាគរយតាមលំដាប់លំដោយ៕