
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងអនុប្រធានាធិបតីលោកស្រី Kamala Harris កាលពីថ្ងៃចន្ទ (ទី២២ ខែមករា) បានផ្តោតគោលដៅលើការទប់ស្កាត់របស់គណបក្សសាធារណរដ្ឋលើសិទ្ធិរម្លូតកូន ដោយគណបក្សប្រជាធិបតេយ្យយកបញ្ហានេះចំណុចសំខាន់មួយ ដែលពួកគេសង្ឃឹមថា នឹងជួយជំរុញឲ្យមានការពេញចិត្តក្នុងចំណោមអ្នកគាំទ្រមូលដ្ឋាន ទាក់ទាញអ្នកបោះឆ្នោតឯករាជ្យ និងបង្កើនចំនួនអ្នកចេញទៅបោះឆ្នោត នៅក្នុងខែវិច្ឆិកា។
លោក Biden បាននិយាយថា ស្ត្រីនៅសហរដ្ឋអាមេរិកប្រឈមនឹង «ការពិតដែលគ្មានក្ដីមេត្តា» ថ្មី ដោយសារតែច្បាប់ថ្មីដែលទប់ស្កាត់សិទ្ធិបន្តពូជ នៅមុនកិច្ចប្រជុំមួយស្តីពីប្រធានបទនេះ នៅសេតវិមាន កាលពីថ្ងៃចន្ទ។ ថ្ងៃគម្រប់ខួបលើកទី៥១ នៃច្បាប់ Roe v Wade ដែលបានទទួលស្គាល់សិទ្ធិតាមរដ្ឋធម្មនុញ្ញរបស់ស្ត្រី ក្នុងការរម្លូតកូន មុនពេលដែលត្រូវបានលុបចោលដោយតុលាការកំពូលរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២។
លោក Biden បាននិយាយថា «ថ្ងៃនេះឆ្នាំ២០២៤ នៅអាមេរិក ស្ត្រីត្រូវបាននាំចេញពីបន្ទប់សង្គ្រោះបន្ទាន់» ហើយត្រូវបានបង្ខំឲ្យធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីទទួលបានការថែទាំសុខភាព ឬសុំជំនួយពីតុលាការ ដោយការលើកឡើងនេះសំដៅលើច្បាប់របស់រដ្ឋដែលរារាំងស្ត្រីពីការរម្លូតកូន នៅពេលដែលជីវិតរបស់ពួកគេអាចមានហានិភ័យ ឬសម្រាប់ការមានផ្ទៃពោះដែលមិនអាចទៅរួច។ ចំណែកលោកស្រី Harris ដែលបានចាប់ផ្តើមដំណើរទេសចរណ៍ថ្នាក់ជាតិស្តីពីសិទ្ធិរម្លូតកូន នៅក្នុងសមរភូមិដ៏សំខាន់នៃរដ្ឋ Wisconsin បានបន្ទោសអតីតប្រធានាធិបតីអាមេរិក លោក Trump ថា បានជួយលុបចោលសិទ្ធិរម្លូតកូនរបស់សហរដ្ឋអាមេរិក។
រដ្ឋ Wisconsin ដែលលោក Biden ទទួលបានសំឡេងគាំទ្រ ២០.៦០០សំឡេងលើលោក Trump ក្នុងឆ្នាំ២០២០ ត្រូវបានចាត់ទុកថា ទីកន្លែងដ៏មានសារៈសំខាន់ណាស់ ចំពោះក្ដីសង្ឃឹមនៃការជាប់ឆ្នោតឡើងវិញរបស់លោក Biden។ លោក Trump កំពុងស្ថិតនៅលើផ្លូវក្លាយជាគូប្រជែងនាំមុខគេខ្លាំងបំផុតរបស់គណបក្សសាធារណរដ្ឋជាថ្មីម្តងទៀតនៅឆ្នាំ២០២៤ នេះ។
យុទ្ធនាការរបស់លោក Biden កំពុងយកបញ្ហាស្ដីពីសិទ្ធិរម្លូតកូនជាចំណុចសំខាន់ចម្បង នៅឆ្នាំ២០២៤ នេះ ហើយអះអាងថា ការទទួលបានសិទ្ធិរម្លូតកូនកូន គឺជាសិទ្ធិសេរីភាពផ្ទាល់ខ្លួនដែលលោក Trump និងគណបក្សសាធារណរដ្ឋកំពុងបដិសេធពួកស្ត្រី។ អ្នកតស៊ូមតិប្រឆាំងនឹងការម្លូតកូន ដោយមានការគាំទ្រពីក្រុមអ្នកផ្សព្វផ្សាយទ្រឹស្ដីសាសនាគ្រិស្ត ជំទាស់ថា ការរម្លូតកូន គឺជាការបញ្ចប់ជីវិតរបស់មនុស្ស ហើយថា ការកំណត់កាន់តែតឹងរ៉ឹង គឺចាំបាច់ត្រូវមាននៅកម្រិតរដ្ឋ និងថ្នាក់ជាតិ៕