
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ព្យុះរដូវរងា ធ្វើឲ្យកើតមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាទឹកជំនន់ធ្ងន់ធ្ងរទ្រង់ទ្រាយធំនៅទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ក្នុងនោះអភិបាលក្រុង បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ។
នៅក្នុងសង្កាត់មួយ អ្នកបើកបរម្នាក់ ត្រូវបានសង្រ្គោះចេញពីរថយន្តមួយគ្រឿងដែលជាប់ក្នុងទឹកជំនន់ ខណៈដែលសារព័ត៌មានប្រចាំថ្ងៃ San Diego Union-Tribune រាយការណ៍ថា មនុស្សជាប់ខ្លួន ៤៥នាក់ ត្រូវបានសង្រ្គោះចេញពីទន្លេទឹកឡើង ឬចេញពីកន្លែងជន់លិចនៅតាមតំបន់សហគមន៍ដាច់ស្រយាល Tijuana River Valley និង Mission Valley ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង នាំឲ្យកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះសម្បែងប្រជាពលរដ្ឋប្រហែល ៥ពាន់ខ្នងនៅក្នុងទីក្រុង San Diego ខណៈដែលផ្លូវ និងសាលារៀនជាច្រើនកន្លែង បានបិទ ស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំង ។
គួរឲ្យដឹងថា ព្យុះរដូវរងា និងស្ថានភាពត្រជាក់ខ្លាំង បានបង្កផលរំខានដល់តំបន់ជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងនោះគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជាង ៩០នាក់ ត្រូវបានរាយការណ៍នៅក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ។
ចំនួនអ្នកស្លាប់ដោយសារអាកាសធាតុ ៩២ នាក់ត្រូវបានកត់ត្រានៅទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ។ នេះបើយោងតាមចំនួនសរុបដែលបានតាមដានដោយសារព័ត៌មាន CBS ជាដៃគូរបស់សារព័ត៌មាន BBC នៅសហរដ្ឋអាមេរិក។
ស្របពេលចំនួនអ្នកស្លាប់មានចំនួនច្រើនបំផុតនៅក្នុងរដ្ឋ Tennessee និង Oregon ចំនួនមនុស្សស្លាប់ត្រូវបានរាយការណ៍ផងដែរនៅក្នុងរដ្ឋ Mississippi, Illinois, Pennsylvania, Washington,Kentucky, Wisconsin , New York, New Jersey និងរដ្ឋផ្សេងទៀត។
ដោយឡែក ករណីស្លាប់មនុស្សផ្សេងទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត រួមទាំងមនុស្សម្នាក់ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តចំនួន៥គ្រឿង នៅក្នុងរដ្ឋ Kentucky និង៤នាក់នៅក្នុងរដ្ឋ Illinois ៕