
យោងតាមបទបញ្ជាដែលបានចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលបានឲ្យដឹងថា រដ្ឋាភិបាលប្រទេសអ៊ុយក្រែន នឹងដាក់សំណើទៅកាន់ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិ ដើម្បីហាមឃាត់យានយន្តទាំងអស់ដែលត្រូវបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី ឬជាកម្មសិទ្ធិរបស់ពលរដ្ឋរុស្ស៊ី មិនឱ្យចូលមកប្រទេសអ៊ុយក្រែនរយៈពេល ៥០ឆ្នាំ។ បទបញ្ជា ចុះថ្ងៃទី ១៩ ខែមករា និយាយថាសំណើនេះ នឹងត្រូវបានបញ្ជូនក្នុងរយៈពេល ១០ ថ្ងៃ។ ដើម្បីអនុវត្ត វាត្រូវតែត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ ហើយបន្ទាប់មក ចុះហត្ថលេខាចូលជាធរមានដោយប្រធានាធិបតី លោក Volodymyr Zelensky ។
នៅក្រោមសំណើនេះ យន្តហោះដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី ហើយអ្នកទាំងឡាយដែលជាម្ចាស់ ឬអ្នកទទួលផលចុងក្រោយជាពលរដ្ឋរុស្ស៊ី នឹងត្រូវបានហាមឃាត់ មិនឱ្យភ្ជាប់ដែនអាកាសដោយផ្ទាល់ជាមួយអ៊ុយក្រែន និងប្រើប្រាស់ដែនអាកាសរបស់រដ្ឋឡើយ។ រថយន្តក្រុង រថយន្តដឹកទំនិញ និងការដឹកជញ្ជូនតាមផ្លូវរថភ្លើង ដែលបានចុះបញ្ជីក្នុងប្រទេសរុស្ស៊ី ក៏នឹងត្រូវហាមឃាត់មិនឱ្យចូលប្រទេសអ៊ុយក្រែនដែរ។ នាវា និងទូក ដែលបំពាក់ទង់ជាតិរុស្ស៊ី មានម្ចាស់ឬអ្នកទទួលផលចុងក្រោយជាពលរដ្ឋរុស្ស៊ី ឬក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងប្រទេសរុស្ស៊ី នឹងមិនអាចធ្វើដំណើរក្នុងដែនទឹករបស់អ៊ុយក្រែន និងចូលកំពង់ផែសមុទ្ររបស់ប្រទេសបានឡើយ។ ការរឹតត្បិតដូចគ្នានេះ ក៍នឹងអនុវត្តចំពោះនាវា ដែលកាលពីពេលមុន បានចូលមកកំពង់ផែដែលមានទីតាំងនៅក្នុងទឹកដីដែលគ្រប់គ្រងរបស់អ៊ុយក្រែន និងជាកម្មសិទ្ធិរបស់បុគ្គល និងអង្គភាពស្របច្បាប់ដែលត្រូវបានដាក់ទណ្ឌកម្មដោយអ៊ុយក្រែន។
រដ្ឋាភិបាល មានផែនការស្នើមិនទទួលស្គាល់ឯកសារមានលក្ខណៈសម្បត្តិរបស់រុស្ស៊ី សម្រាប់នាវិក ដែលត្រូវបានចេញនៅក្នុងទឹកដីកាន់កាប់របស់អ៊ុយក្រែន និងហាមជនជាតិរុស្ស៊ី មិនឲ្យធ្វើការលើនាវាដែលមានទង់ជាតិអ៊ុយក្រែន លើកលែងតែអ្នកដែលរស់នៅក្នុងប្រទេសអ៊ុយក្រែនមានមូលដ្ឋានស្របច្បាប់។