
ប្រធានាធិបតីអេក្វាឌ័រលោក Daniel Noboa បានជួបជាមួយមន្ត្រីរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សាសន្តិសុខ និងការពារជាតិ កាលពីថ្ងៃចន្ទ (ទី២២ ខែមករា) នៅទីក្រុងគីតូ។
លោក Noboa រដ្ឋមន្ត្រីការបរទេសអេក្វាឌ័រលោកស្រី Gabriela Sommerfeld និងរដ្ឋមន្ត្រីសន្តិសុខអេក្វាឌ័រ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចពីព្រឹទ្ធសមាជិកលោក Christopher Dodd ដែលជាបេសកជនពិសេសប្រចាំទ្វីបអាមេរិករបស់ប្រធានាធិបតីអាមេរិក និងលោកស្រីឧត្តមសេនីយ៍ Laura Richardson មេបញ្ជាការបញ្ជាការភាគខាងត្បូង។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអេក្វាឌ័រ ក្នុងជំនួបនោះ ភាគីទាំង២ បានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ហើយភាគីទាំង២ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនការវិនិយោគ និងពាណិជ្ជកម្ម ដែលជាមធ្យោបាយផ្ទាល់ក្នុងការជំរុញដល់សេដ្ឋកិច្ច និងបង្កើតការងារ ដើម្បីទប់ស្កាត់អំពើឧក្រិដ្ឋ។
រដ្ឋាភិបាលនៃប្រទេសអេក្វាឌ័របានបន្ទោសក្រុមជនអន្ធពាលជួញដូរកូកាអ៊ីនដ៏មានឥទ្ធិពលថា បានបង្កឲ្យមានអំពើហិង្សាដែលកំពុងកើនឡើង ក្នុងនោះរួមទាំងការវាយប្រហារ នាពេលថ្មីៗនេះ លើមន្ទីរពេទ្យ ការចាប់ចំណាប់ខ្មាំង និងការរំខានដល់ការផ្សាយតាមទូរទស្សន៍ ដោយខ្មាន់កាំភ្លើងប្រដាប់អាវុធ៕