
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារ (ទី២៣ ខែមករា) នេះថា សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថា នឹងកើនឡើង ២,៨ភាគរយនៅឆ្នាំនេះ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីការព្យាករណ៍មុនដែលមាន ៣,២ភាគរយ។
កំណើនផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំមុន ត្រូវបានគេមើលឃើញមានកម្រិត ១,៨ភាគរយដោយធ្លាក់ចុះពីកម្រិត ២,៧ភាគរយដែលត្រូវបានប៉ាន់ប្រមាណពីមុន។ ចំណែកឯលំហូររបស់ភ្ញៀវទេសចរបរទេសនៅឆ្នាំ២០២៤នេះ ត្រូវបានព្យាករថា មានចំនួន ៣៣,៥លាននាក់ ដែលតិចជាងពីការរំពឹងទុកពីមុនចំនួន ៣៤,៥លាននាក់។
រីឯការនាំចេញត្រូវបានគេរំពឹងថា នឹងកើនឡើង ៤,២ភាគរយ នៅឆ្នាំនេះ ធៀបនឹងការព្យាករណ៍ពីមុនដែលមានចំនួន ៤,៤ភាគរយ។ ការនាំចេញកាលពីឆ្នាំមុនត្រូវបានគេព្យាករថា នឹងធ្លាក់ចុះ ១,៥ភាគរយ។
ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍បានបន្ថែមថា សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងហក់ឡើងលឿនជាងឆ្នាំមុន ដោយសារតែការនាំចេញ សេវាកម្ម និងលំហូរទេសចរណ៍មានកម្រិតខ្ពស់៕