
កាលពីថ្ងៃចន្ទម្សិលម្សិលមិញ សេតវិមាន និយាយថា អ៊ីស្រាអែលមានកាតព្វកិច្ចមួយក្រោមច្បាប់អន្តរជាតិ ត្រូវតែការពារជនស្លូតត្រង់គ្មានកំហុសនៅមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ស្របពេលដែលទីក្រុងវ៉ាស៊ីងតោន ដាក់សំពាធលើយុទ្ធនាការសឹករបស់ពួកគេប្រឆាំងនឹងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស់ ។
លោក John Kirby គឺជាអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន និយាយប្រាប់សន្និសីទសារព័ត៌មានថា ពួកយើងបានដឹងថា ក្រុមជីវពលហាម៉ាស មានចេតនាប្រើប្រាស់កន្លែងដូចជាមន្ទីរពេទ្យ ដើម្បីស្តុកអាវុធរបស់ពួកគេ ដាក់ក្រុមសកម្មប្រយុទ្ធរបស់ពួកគេ បើទោះបីជាតាមកម្រិតខ្លះក៏ដោយសម្រាប់ការបញ្ជា និងការគ្រប់គ្រង ដើម្បីដាក់តម្រូវការពិសេសលើកងកម្លាំងការពារអ៊ីស្រាអែល ។
លោក Kirby និយាយថា អ៊ីស្រាអែល មានសិទ្ធិការពារខ្លួន ប៉ុន្តែលោកបន្តថា ពួកយើងរំពឹងថា ពួកគេនឹងធ្វើដោយអនុឡោមតាមច្បាប់អន្តរជាតិ និងការពារជនស្លូតត្រង់ដែលគ្មានកំហុស នៅក្នុងមន្ទីរពេទ្យ បុគ្គលិកមន្ទីរពេទ្យ ហើយនិងអ្នកជំងឺផងដែរ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។
ដោយឡែកនៅថ្ងៃអង្គារនេះ កងទ័ពអ៊ីស្រាអែល បាននិយាយថា ទាហានរបស់ខ្លួនចំនួន ២៤ នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ជាថ្ងៃមានចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការតាមជើងគោក កាលពីថ្ងៃទី ២៧ ខែតុលា។
លោក Daniel Hagari គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ថា ទាហានភាគច្រើន ត្រូវបានសម្លាប់នៅពេលការបាញ់គ្រាប់បែកជំរុញដោយរ៉ុក្កែតបាញ់ចំរថក្រោះមួយគ្រឿង និងអគារមួយខ្នង ។ លោក Hagari ថា ទាហានជាច្រើននាក់ដែលត្រូវបានសម្លាប់គឺជាទាហានបម្រុង ៕