ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង អមដំណើរដោយឯកឧត្ដម ឌួង ពៅ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅក្នុងក្រុងស្ទឹងត្រែង រួមមានទីតាំងផ្សារសាមគ្គីស្ទឹងត្រែង មណ្ឌលចត្តាឡីស័កកម្រិត២ និងបានណែនាំដល់ក្រុមគ្រូពេទ្យជួរមុខ ត្រូវធ្វើតេស្តរហ័សចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលក្នុងករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ឯកឧត្ដមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងមួយចំនួនដែលក្រុមគ្រូពេទ្យបានកំណត់។ ឯកឧត្ដមបានជំរុញឲ្យអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ត អនុវត្តនូវយុទ្ធសាស្ត្ររហ័សចំនួន ៤ចំណុចគឺរហ័សរកឲ្យឃើញ រហ័សដាក់ឲ្យនៅដាច់ដោយឡែក រហ័សរាយការណ៍ និងរហ័សពិនិត្យព្យាបាល។ ការអនុវត្តបានល្អនៅយុទ្ធសាស្ត្រខាងលើ ដោយសារមានការចូលរួមយ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តនូវវិធានការ ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាគឺខេត្តស្ទឹងត្រែងមានករណីឆ្លងជំងឺកូវីត-១៩ ក្នុងខេត្តសរុបចំនួន ១៥៨នាក់, ស្រី ៨០នាក់ អ្នកជាសះស្បើយមាន ១៣នាក់, ស្រី ៦នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ១៤៥នាក់, ស្រី ៧៤នាក់ គិតត្រឹមថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២១៕ អត្ថបទ៖ មាស ផល្លា




