
អ្នកស្រុក ជាពិសេសអ្នករស់នៅក្នុងសំណង់មិនរៀបរយ នាទីក្រុង New Delhi (ញូវដេលី) ប្រទេសឥណ្ឌា ប្រឈមជាមួយនឹងការលំបាកយ៉ាងខ្លាំង ដោយសារអាកាសធាតុត្រជាក់ និងអ័ព្ទដ៏ក្រាស់ឃ្មឹក នៅថ្ងៃអង្គារ (ទី២៣ ខែមករា)។
អ្នករស់នៅក្នុងតំបន់សំណង់មិនរៀបរយ តាមតំបន់ទំនាបនៃទន្លេ Yamuna ត្រូវបានគេមើលឃើញថា កំពុងងាកទៅរកភ្នក់ភ្លើង និងភេសជ្ជៈក្តៅៗ ដើម្បីកម្ដៅខ្លួន ខណៈដែលពួកគេប្រឹងទប់ទល់នឹងអាកាសធាតុរងាស្ទើរទ្រាំមិនបាន ក្នុងពេលមានធនធានស្ដួចស្ដើង។ ទីក្រុងញូវដេលីកំពុងប្រឈមជាមួយស្ថានភាពអាក្រក់ ២យ៉ាង ពោលគឺអាកាសធាតុត្រជាក់ខ្លាំង និងគុណភាពខ្យល់មិនល្អ។
យោងតាមប្រព័ន្ធគុណភាពខ្យល់ និងការព្យាករណ៍អាកាសធាតុ និងស្រាវជ្រាវ (SAFAR) សន្ទស្សន៍គុណភាពខ្យល់នៅក្នុងទីក្រុង បានស្ថិតនៅក្នុងប្រភេទ «អាក្រក់ណាស់»។
ទោះបីជារដូវរងានៅប្រទេសអាស៊ីខាងត្បូងមួយនេះ គឺមានស្ថានភាពស្រាលបើប្រៀបធៀបទៅនឹងទ្វីបអឺរ៉ុបក៏ដោយ ក៏ពេលខ្លះអាកាសធាតុត្រជាក់អាចបង្កឲ្យមានអ្នកបាត់ជីវិតនៅក្នុងប្រទេសឥណ្ឌានេះដែរ ដែលមនុស្សគ្មានផ្ទះសម្បែងរាប់ពាន់នាក់ រស់នៅក្នុងខ្ទមដោយគ្មានកម្ដៅ៕