កំពង់ឆ្នាំង៖ រយៈពេល២ថ្ងៃកន្លងមកនេះ កម្លាំងចម្រុះមានខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កម្លាំងនគរបាលប៉ុស្តិ និងកម្លាំងសហគមន៍នេសាទកំពង់ព្រះគគីរ បានចុះរុះរើកំទេចចោលនូវសម្រាស់ដែលពួកជនល្មើសបានដាក់តាមព្រែកទាំង៤ ក្នុងតំបន់អភិរក្សឡូត៍ស្តីពាក់កន្ទេល មិនដឹងតាំងពីពេលណាមកទេ ។ ក៏ប៉ុន្តែនៅមានសម្រាស់ប្រមាណជិត៣០ដុំទៀតនៅចំណូចព្រែកស្ទឹងពោធិមិនទាន់បានរុះរើកំទេចចោលនៅឡើយ។
តាមការអោយដឹងពីប្រជានេសាទលក្ខណៈគ្រួសារបានខ្សឹបប្រាប់ថា៖ សម្រាស់ទាំងអស់នេះ គឺជនល្មើសបានកាប់យក ក ឈើដែលជាព្រៃលិចទឹក នៅក្នុងតំបន់អភិរក្សនោះ មកដាក់តាមបណ្តោយមាត់ព្រែក និងបានយកដើមកំប្លោកមកដាក់គ្របពីលើដោយមិនខ្លាចរអា ឬញញើតអ្នកណាឡើយ។ ដោយឡែកសម្រាស់មួយដុំនៅចំណុចក្បាលព្រែកចុងតាគង់ ក្នុងតំបន់អភិរក្សដដែលនោះវិញ គឺមាន ក ឈើព្រៃលិចទឹករហូតដល់ប្រមាណ១ពាន់ក ដែលគេបានកាប់បំផ្លាញយកមកដាក់រយៈពេល៦ថ្ងៃជាប់ៗគ្នាដោយប្រើកាណូតដឹកកឈើនោះចំនួន២ និងជនល្មើស៤នាក់ ដើម្បីចាប់យកត្រីក្នុងតំបន់អភិរក្សនោះ ព្រោះកម្លាំងចំរុះបានរុះរើសម្រាស់មួយដុំនេះអស់ពាក់កណ្តាលថ្ងៃហើយ ទើបបានតែពាក់កណ្តាលដុំតែប៉ុណ្ណោះ ។ សម្រាស់ដ៏ធំមួយនេះ ជារបស់ជនល្មើសឈ្មោះ ពុំ ជាកូនយាយ ង៉ា រស់នៅភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ហើយជននេះ មិនខ្លាចញញើតនឹងសមត្ថកិច្ចជំនាញឡើយ ដោយគេបានដាក់ធំជាងគេបង្អស់ក្នុងតំបន់អភិរក្សនោះ ករណីនេះ ប្រជានេសាទសំណូមពរអោយថ្នាក់លើ មេត្តាចាត់វិធានការច្បាប់លើជននេះផង។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាអោយកម្លាំងចម្រុះ ត្រូវតែបំផ្លាញកំទេចចោលអោយអស់ក្នុងតំបន់អភិរក្សនេះ ដោយមិនត្រូវបន្ធូដៃឡើយ ។ ម្យ៉ាងទៀត ប្រសិនបើមានជនល្មើសណាមកតវ៉ា ត្រូវចាប់បញ្ជូន កសាងសំណុំរឿងទៅតុលាការភ្លាម មិនត្រូវអត់ឱនអោយឡើយ។ ដោយឡែកសហគមន៍នេសាទកំពង់ព្រះគគីរ និងសហគមន៍នេសាទដទៃទៀតក្នុងខេត្តកំពង់ឆ្នាំង ត្រូវមើលពីការងារភារកិច្ចរបស់ខ្លួនអោយបានច្បាស់ ថាតើខ្លួនត្រូវធ្វើអី ៕ ដោយ ៖ កាំង ហុងវាស្នា







