
យោងតាមការអះអាងរបស់មន្រ្តីអ៊ុយក្រែនមួយរូប បានឲ្យដឹងថា រុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីលលើទីក្រុងគីវ នៅព្រឹកថ្ងៃអង្គារនេះ ដោយបណ្តាលឲ្យមនុស្សយ៉ាងហោច ២២នាក់ រងរបួស ។
លោក Serhiy Popko គឺជាប្រធានរដ្ឋបាលយោធាទីក្រុងគីវ និយាយថា មនុស្សយ៉ាងហោច ២២នាក់ បានរងរបួសនៅតាមស្រុកចំនួន ៣ ហើយអគារផ្ទះល្វែងជាច្រើនខ្នង និងអគារគ្មានមនុស្សរស់នៅ បានរងការចាប់ឆេះជាអគ្គិភ័យ ។
កងទ័ពអាកាសអ៊ុយក្រែន និយាយថា យោធារបស់ខ្លួនបានបំផ្លាញមីស៊ីល ២១គ្រាប់ ក្នុងចំណោមមីស៊ីល ៤១គ្រាប់ ដែលបាញ់ចេញដោយរុស្ស៊ី ។
ទីក្រុងគីវ បានអំពាវនាវម្តងហើយម្តងទៀតស្នើសុំប្រព័ន្ធការពារដែនអាកាសទំនើបដែលមានគុណភាពខ្ពស់ជាងមុនពីប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ស្របពេលដែលពួកគេពិបាកការពារខ្លួនពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ។
ដោយឡែក វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញ ថារុស្ស៊ី កំពុងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារពលរដ្ឋរបស់ខ្លួន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហាររបស់អ៊ុយក្រែន រយៈពេលមួយថ្ងៃបន្ទាប់ពីទីក្រុងម៉ូស្គូ បានចោទប្រកាន់កងកម្លាំងរបស់ទីក្រុងគីវ ថាបានសម្លាប់មនុស្ស ២៧នាក់ ក្នុងការវាយប្រហារលើទីក្រុងដែលគ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន ៕