
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយនៅថ្ងៃអង្គារ (ទី២៣ ខែមករា) នេះថា រដ្ឋាភិបាលហ្វីលីពីននឹងមិនសហការជាមួយការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ឃោរឃៅនោះទេ។
លោក Marcos បានប្រាប់អ្នកសារព័ត៌មានដោយបញ្ជាក់ឡើងវិញពីជំហរមុនរបស់លោកថា៖ «ខ្ញុំចាត់ទុកថា វាជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់យើង។ ដូច្នេះ រដ្ឋាភិបាលហ្វីលីពីននឹងមិនចូលរួមសហការជួយការស៊ើបអង្កេតណាមួយដែល ICC ធ្វើឡើងនោះទេ»។
ICC កាលពីខែកក្កដាបានច្រានចោលការអំពាវនាវរបស់ទីក្រុងម៉ានីល ហើយបានអនុញ្ញាតឲ្យមានការស៊ើបអង្កេតឡើងវិញលើការសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងអំឡុងពេល«សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់អតីតប្រធានាធិបតីលោក Rodrigo Duterte និងការសង្ស័យពីការរំលោភសិទ្ធិផ្សេងទៀត។ លោក Marcos បាននិយាយថា អ្នកស៊ើបអង្កេតរបស់ ICC អាចមកទស្សនកិច្ច «ក្នុងនាមជាមនុស្សធម្មតា» ប៉ុន្តែរដ្ឋាភិបាលនឹងមិនជួយពួកគេទេ។
ការកត់សម្គាល់របស់លោក Marcos នេះ បានកើតមានបន្ទាប់ពីសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយរដ្ឋមន្ត្រីយុត្តិធម៌របស់លោក ដែលកាលពីសប្តាហ៍មុនបានប្រាប់សារព័ត៌មាន Kyodo News ថា រដ្ឋាភិបាលអាចអនុញ្ញាតឲ្យមានការស៊ើបអង្កេតរបស់ ICC ប្រសិនបើនីតិវិធីច្បាប់នានាត្រូវបានអនុវត្ត ជាការសម្រេចដែលគណបក្សរបស់លោក Duterte អះអាងថា ខុសច្បាប់៕