អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដី ដែលបានវាយប្រហារតំបន់ភ្នំនៃខេត្ត Yunnan ភាគនិរតី ប្រទេសចិន បានកើនឡើងដល់៣១ នាក់ ខណៈជាច្រើននាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។

បំណាក់ដី បានកើតឡើងនៅក្នុងភូមិ លាងសួយ(Liangshui) ទីក្រុង Zhaotong កាលពីព្រឹកថ្ងៃច័ន្ទ ដោយបានជាប់ធ្វើឲ្យជាប់មនុស្សសរុបចំនួន ៤៧នាក់។ ដោយស្ថិតនៅក្នុងតំបន់ភ្នំដ៏ត្រជាក់នៃខេត្ត ជាកន្លែងដែលមានព្រិលធ្លាក់ជាច្រើនថ្ងៃ ទីតាំងជួយសង្គ្រោះនៅតែគ្របដណ្ដប់ដោយស្រទាប់ព្រិលដ៏ក្រាស់។

បុគ្គលិកសង្គ្រោះជាង ១.០០០នាក់ ដែលនាំមកជាមួយសត្វសុនខសង្គ្រោះចំនួន ៤៥ ក្បាល និងរថយន្តចំនួន ១២០គ្រឿង រួមទាំងគ្រឿងចក្រជីកកកាយ និងរថយន្តដឹកជញ្ជូន កំពុងបំពេញការងារស្វែងរក និងជួយសង្គ្រោះនៅទីតាំងនោះ។ រថយន្តពន្លត់អគ្គិភ័យចំនួន ៣៣គ្រឿង និងគ្រឿងចក្រកាយដីចំនួន ១០គ្រឿង ក៏ត្រូវបានដាក់ឲ្យចល័ត ដើម្បីស្វែងរកអ្នកបាត់ខ្លួន។ រដ្ឋាភិបាល ក៏បានដាក់ពង្រាយយោធា និងកងជីវពល សម្រាប់ធ្វើប្រតិបត្តិការជួយសង្គ្រោះ។
ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ បានបង្កើនកម្រិតឆ្លើយតបគ្រាអាសន្នដល់កម្រិតខ្ពស់បំផុតទីពីរ ពីការឆ្លើយតបសង្គ្រោះបន្ទាន់កម្រិត៣ សម្រាប់ការសង្គ្រោះគ្រោះមហន្តរាយដែលដំណើរការដោយគណៈកម្មការកាត់បន្ថយគ្រោះមហន្តរាយខេត្ត ភ្លាមៗបន្ទាប់ពីបំណាក់ដី។
រដ្ឋាភិបាលចិន បានបែងចែកថវិកាសរុបចំនួន ៥០ លានយ័ន (ប្រមាណ ៧ លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការងារសង្គ្រោះគ្រោះមហន្តរាយ និងការងារសង្គ្រោះបន្ទាន់ ដែលផ្តោតលើការស្វែងរក និងជួយសង្គ្រោះ ការផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋរងផលប៉ះពាល់ ការជួសជុលលំនៅឋានដែលរងការខូចខាត និងតំបន់ផ្សេងៗទៀត។